សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណ លោក David Soth ដែលសម្របសម្រួលជាមួយនឹងក្រុមហ៊ុន ផ្សព្វផ្សាយរូបភាពស្វាគមន៍សម្តេច តាមដងវិថីទីក្រុងញូវយ៉ក ពិសេសនៅ Time Square ដោយមិនគិតថ្លៃ


(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានផ្ញើសារថ្លែងអំណរគុណដល់យុវជនខ្មែរមួយរូបឈ្មោះ David Soth ដែលបានសម្របសម្រួលផ្សព្វផ្សាយរូបស្វាគមន៍លោក នៅលេី Billboard តាមតំបន់សំខាន់ៗមួយចំនួននៅទីក្រុងញូវយ៉ក ជាពិសេសនៅ Time Square ដោយឥតគិតថ្លៃ។


តាមរយៈបណ្តាញសង្គម សម្តេចធិបតី បានលើកឡើងថា៖ «សូមអរគុណចំពោះប្អូនប្រុស David Soth ដោយបានសម្របសម្រួលជាមួយនឹងក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម ដែលប្អូនកំពុងធ្វើការជាមួយ ដើម្បីផ្សព្វផ្សាយអំពីរូបភាពស្វាគមន៍ ដល់រូបខ្ញុំនៅលេី Billboard តាមតំបន់សំខាន់ៗមួយចំនួននៅទីក្រុងញូវយ៉ក ជាពិសេសនៅ Time Square ដោយឥតគិតថ្លៃ និងដោយមិនមានការស្នេីសុំពីអ្នកណា»


សម្តេចធិបតី នាយករដ្ឋមន្រ្តី បានចាត់ទុកថា ទង្វើនេះគឺជាទឹកចិត្តដ៏ប្រពៃរបស់លោក David Soth សម្រាប់រូបសម្តេចផ្ទាល់ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថា ការផ្សព្វផ្សាយរូបភាពវិដេអូរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមដងវិថីទីក្រុងញូវយ៉ក ពិសេសនៅតំបន់ Time Square អំឡុងទៅចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិនោះ គឺពុំមានគិតថ្លៃនោះទេ ដោយសារតែការស្រឡាញ់គាំទ្ររបស់យុវជនកូនខ្មែរម្នាក់ ដែលធ្វើការជាមួយនឹងក្រុមហ៊ុន Billboard នេះជួយចាត់ចែងចាក់ផ្សាយ។


ក្រុមហ៊ុនខាងលើនេះជាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក ដែលមានកូនខ្មែរម្នាក់ឈ្មោះ សុទ្ធ ដាវីដ (David Soth) បានបំពេញការងារក្នុងនោះក្នុងនាមជាបុគ្គលសំខាន់។ លោក ដាវីដ ជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក ប៉ុន្តែមានស្មារតីជាតិនិយម បានសម្របសម្រួល រហូតដល់ថៅកែរបស់ខ្លួន បានផ្តល់នូវការគាំទ្រ ហើយសម្រេចឱ្យផ្សព្វផ្សាយរូបរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដោយមិនគិតថ្លៃតែម្តង៕