សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណសភាពាណិជ្ជកម្មកម្ពុជា ដែលតែងតែខិតខំទាក់ទាញ និងធ្វើទំនាក់ទំនងពាណិជ្ជកម្ម ជាមួយបណ្តាវិនិយោគិនបរទេស ដើម្បីឱ្យមកបណ្តាក់ទុននៅកម្ពុជា


(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនូវការអរគុណដល់សភាពាណិជ្ជកម្មកម្ពុជា ដែលតែងតែធ្វើដំណើរអមសម្តេចរៀបចំវេទិការធុរកិច្ចនានា ជាដៃគូរាជរដ្ឋាភិបាល ក្នុងការធ្វើទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា ជាមួយបណ្តាវិនិយោគិនបរទេស ដើម្បីឱ្យគេមកបណ្តាក់ទុនវិនិយោគ។
ការថ្លែងរបស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅសហរដ្ឋអាមេរិក និងកាណាដា នាល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣។

សម្តេចមហាបវរធិបតីបានថ្លែងយ៉ាងដូច្នេះថា «កន្លងទៅយើងបានទាក់ទាញវិនិយោគិនអាមរិកទៅច្រើន ដូចជាក្រុមហ៊ុនកូកាកូឡា ក្រុមហ៊ុនហ្វដ និងក្រុមហ៊ុនជាច្រើនទៀត ឥឡូវយើងកំពុងអូសទាញបន្ថែមទៀត។ ភ្ជាប់ទំនាក់ទំនងការទូតដើរ គឺអាស្រ័យទៅលើគ្រប់វិស័យ អីចឹងឯកជននេះក៏ដើរ។ ខ្ញុំក៏សូមអរគុណដល់សភាពាណិជ្ជកម្មកម្ពុជា ដែលបានខិតខំគ្រប់វេទិកាទាំងអស់ ខ្ញុំទៅណាក៏គាត់ទៅរៀបចំដើម្បីភ្ជាប់ទំនាក់ទំនង រដ្ឋាភិបាលអត់ដើរតួរឿង Business ទេ ហើយរដ្ឋាភិបាលក៏អត់ចេះធ្វើ Business ដែរ មានតែអ្នក Business បានចេះ Business រដ្ឋាភិបាលត្រឹមតែធ្វើវេទិកា ផ្តល់ការគាំទ្រហើយធ្វើយ៉ាងឱ្យ Business គាត់ចាប់ដៃគ្នាទៅ ហើយបើ Business ដើរ ប្រជាពលរដ្ឋយើងដើរ»
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងឱកាសអញ្ជើញជាអធិបតីបើកវេទិកាធុរកិច្ចអាមេរិក-កម្ពុជា ដែលរៀបចំឡើងដោយធុរជនអាមេរិក និងកម្ពុជា ដើម្បីពង្រីកឱកាសវិនិយោគ និងការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក សម្តេចរំពឹងថានឹងមានការវិនិយោគពីអាមេរិកនៅកម្ពុជាថែមទៀត៕