លោក ហ្សេលេនស្គី ទៅដល់កាណាដា ក្នុងដំណើរទស្សនកិច្ចមិនប្រកាសឱ្យដឹងមុន​


(អូតាវ៉ា)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២២ ខែ កញ្ញា ឆ្នាំ២០២៣ គឺ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានធ្វើដំណើរទៅ ដល់ប្រទេសកាណាដា កាលពីយប់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) នៅក្នុងដំណើរ ទស្សនកិច្ចមិនបានប្រកាសឱ្យដឹងមុន ដើម្បីស្វែងរកការគំាទ្របន្ថែមពីសម្ព័ន្ធមិត្តសម្រាប់ប្រទេស របស់លោកដែល កំពុងប្រយុទ្ធតតាំងនឹងការឈ្លានពានពីរុស្ស៉ី។

លោក ហ្សេលេនស្គី បានធ្វើដំណើរដល់កាណាដា បន្ទាប់ពីលោកបានបញ្ចប់ទស្សនកិច្ចនៅ សហរដ្ឋ អាមេរិក ជាទីដែលលោកបានជួបប្រធានាធិបតី ចូ បៃដិន នៅឯសេតវិមាន។ នៅលើកញ្ចក់ទូរទស្សន៍កាណាដា គេឃើញនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានទទួលស្វាគមន៍ លោក ហ្សេលេនស្គី នៅពេលប្រធានាធិបតីអ៊ុយក្រែនរូបនេះចុះពីលើយន្ដ ហោះនៅឯអាកាសយានដ្ឋានក្នុងទីក្រុងអូតាវ៉ា។ នេះជាដំណើរទស្សនកិច្ច លើកដំបូងបំផុតរបស់ លោក ហ្សេលេនស្គី នៅកាណាដា ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក៕