(ញូវយ៉ក, អាមេរិក)៖ បន្ទាប់ពីចំណាយពេលហោះជាង២០ម៉ោង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី បានដឹកនាំគណៈប្រតិភូហោះដល់ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាវេលាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ ម៉ោងនៅកម្ពុជា ត្រូវនឹងវេលាយប់ថ្ងៃទី២១ ខែកញ្ញា ម៉ោងនៅក្រុងញូវយ៉ក។
ដំណើរអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ Newark Liberty ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សម្តេចធិបតី និងលោកជំទាវ ទទួលស្វាគមន៍ដោយលោកស្រី អ៊ាត សុភា តំណាងអចិន្ត្រៃយ៍កម្ពុជា នៅអង្គការសហប្រជាជាតិ។
នៅឯសណ្ឋាគារទីដែលសម្តេចធិបតីស្នាក់នៅវិញ មានការរង់ចាំស្វាគមន៍យ៉ាងច្រើនកុះករ ប្រកបក ដោយក្តីនឹករលឹក គោរពស្រឡាញ់យ៉ាងជ្រាលជ្រៅពីប្រជាពលរដ្ឋខ្មែររស់នៅអាមេរិក។
សូមបញ្ជាក់ថា សម្តេចធិបតី និងលោកជំទាវ បានដឹកនាំគណៈប្រតិភូហោះចេញពីកម្ពុជា កាលពី ព្រឹកថ្ងៃទី២១ ខែកញ្ញា ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨៕