ប្រធានាធិបតីកូរ៉េខាងត្បូង ប្រាប់ UN៖ រុស្ស៉ី ជួយកូរ៉េខាងជើង នឹងក្លាយជាការបង្កហេតុដោយផ្ទាល់

(យូអិន)៖  យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣ អោយដឹងថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk Yeol) បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា ប្រសិនបើរុស្ស៉ីលូកដៃជួយ កូរ៉េខាងជើងអភិវឌ្ឍកម្ម វិធីអាវុធ ជាថ្នូរនឹងការទទួលបានជំនួយសម្រាប់ធ្វើសង្គ្រាមនៅអ៊ុយក្រែន នោះវានឹងក្លាយជា  «ការបង្កហេតុដោយផ្ទាល់» ហើយ ទីក្រុងសេអ៊ូល ក៏ដូចជាសម្ព័ន្ធមិត្តនឹងមិនឈរឱបដៃមើលឡើយ។

ថ្លែងក្នុងសុន្ទរកថាទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ (UN) លោក យូន ថាសេណារីយ៉ូ បែបនេះនឹងគំរាមកំហែងដល់សន្តិភាព សន្តិសុខ ដែលមិនត្រឹមតែសម្រាប់អ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកូរ៉េខាងត្បូងទៀតផង។ បើតាមលោក យូន កម្មវិធីនុយក្លេអ៊ែរ និងមីស៉ីលកូរ៉េខាងជើង ក៏ជាការប្រឈមដ៏ធ្ងន់ធ្ងរ ចំពោះសន្តិភាពក្នុងតំបន់ឥណ្ឌូប៉ាស៉ីហ្វិក និងនៅទូទាំងពិភពលោកផង ដែរ។ លោក យូន បានគូសបញ្ជាក់ថា «វាមិនសមទាល់តែសោះ ដែលសមាជិកអចិន្ត្រៃយ៍មួយរបស់ ក្រុមប្រឹក្សាសន្តិសុខ UN មានភារកិច្ចការពារសន្តិភាព ពិភពលោក បែរជាធ្វើសង្រ្គាមឈ្លានពានលើ ប្រទេសអធិបតេយ្យមួយផ្សេងទៀត និងអាចទទួលបានអាវុធ គ្រាប់រំសេវ ពីរបបដឹកនាំមួយដែលបំពាន នូវសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ UN»