ប្រមុខកងទ័ពអាកាសអាស៊ានជាច្រើន មិនទៅចូលរួមកិច្ចប្រជុំនៅមីយ៉ាន់ម៉ា

(យ៉ាងហ្គន)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP បញ្ជាក់ថា​ប្រមុខកងទ័ព អាកាសមកពីប្រទេសជាសមាជិកអាស៊ានជាច្រើនមិនទៅចូលរួមសន្និសីទមួយដែលត្រូវរៀបចំឡើងក្នុងប្រទេសមីយ៉ាន់ម៉ា នៅក្នុងសប្ដាហ៍នេះនោះទេ បន្ទាប់ពីអាស៊ានចោទរបបសឹកមីយ៉ាន់ម៉ា ថាមាន គោលដៅវាយប្រហារលើជនស៊ីវិល នៅក្នុងការបង្ក្រាបក្រុមអ្នកប្រឆាំងនឹង ការធ្វើរដ្ឋប្រហារ។

ប្រមុខកងទ័ពអាកាសនៃប្រទេសជាសមាជិកអាស៊ានទាំង១០ ត្រូវជួបប្រជុំគ្នាជារៀងរាល់ឆ្នាំ ដើម្បី ពិភាក្សាពីកិច្ចសហប្រតិបត្តិការខាងវិស័យការពារជាតិ ប្រយុទ្ធប្រឆាំងអំពើជ្រុលនិយម និងផ្ដល់ ជំនួយពាក់ព័ន្ធនឹងគ្រោះមហន្តរាយនានា។ ក្នុងឆ្នាំ២០២៣នេះ មីយ៉ាន់ម៉ាគឺជាម្ចាស់ផ្ទះរៀបចំកិច្ច ប្រជុំដែលបាន ចាប់ផ្ដើមកាលពីថ្ងៃពុធ ហើយគ្រោងបញ្ចប់នៅថ្ងៃសុក្រសប្ដាហ៍នេះ។ ក៏ប៉ុន្តែ ប្រមុខ កងទ័ពអាកាសមកពីប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងសិង្ហបុរី មិនបានធ្វើដំណើរទៅ ចូលរួមកិច្ចប្រជុំនេះនោះទេ ខណៈប្រមុខកងទ័ពអាកាសមកពីព្រុយណេ កម្ពុជា ឡាវ ថៃ និងវៀត ណាម បានធ្វើដំណើរ ទៅដល់រដ្ឋធានណៃពិដោរ កាលពីថ្ងៃអង្គារដើមសប្ដាហ៍កន្លងទៅនេះ។

គួរបញ្ជាក់ថា អាស៊ាន កាលពីសប្ដាហ៍មុន បានចោទប្រកាន់ថារបបសឹកមីយ៉ាន់ម៉ា មិនបានអើពើ ចំពោះផែនការសន្តិភាពដែលត្រូវបានព្រមព្រៀងគ្នា ជាមួយអាស៊ាន ដើម្បីបិទបញ្ចប់អំពើហិង្សាដែល បានផ្ទុះឡើងដោយសារតែការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អោងសាន ស៊ូជី ពីអំណាចកាលពីឆ្នាំ២០២១មក។ មីយ៉ាន់ម៉ានៅតែជាសមាជិកអាស៊ាន ប៉ុន្តែមេដឹកនាំរបប សឹកមិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន ឡើយ ចាប់តាំងពីឡើងកាន់អំណាច​ដោយការធ្វើរដ្ឋប្រហារ៕