រុស្ស៉ី បណ្តេញមន្រ្តីស្ថានទូតអាមេរិក ២នាក់ ចេញពីប្រទេស ដោយចោទថាប្រព្រឹត្តសកម្មភាព ខុសច្បាប់


(មូស្គូ)៖  យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reutersនៅថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣ អោយដឹងថា​ រុស្ស៉ី នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានប្រកាសពីការបណ្ដេញ អ្នកការទូតអាមេរិក ២រូប ដោយចោទប្រកាន់ថាបានធ្វើការជាមួយជនជាតិរុស្ស៉ីម្នាក់ ដែលកំពុងស្ថិត ក្រោមការចោទប្រកាន់លួចសហការខុសច្បាប់ជាមួយបរទេស។

ក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសរុស្ស៉ី បានជូនដំណឹងទៅកាន់ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំទីក្រុងមូស្គូ លោកស្រី លីន ត្រេស៉ី (Lynne Tracy) អំពីការស្នើឲ្យលេខាទូតទី១ លោក ជេហ្វហ្វ្រេ ស៉ីលលីន (Jeffrey Sillin) និងលេខាទូតទី២ លោក ដេវីដ បឺនស្តែន (David Bernstein) ចា​កចេញពី ប្រទេសរុស្ស៉ីក្នុងរយៈពេល៧ថ្ងៃ។ សេចក្តីថ្លែងការណ៍ដដែល បានបញ្ជាក់ថា «អ្នកទាំង ២បានធ្វើសកម្មភាពខុសច្បាប់ដោយរក្សាទំនាក់ទំនងជាមួយ ពលរដ្ឋរុស្ស៉ី ឈ្មោះ រ៉ូបឺត សូណូវ (Robert Shonov) ដែលត្រូវបានចោទប្រកាន់ពីបទធ្វើការសម្ងាត់ជាមួយរដ្ឋបរទេស»

គួរបញ្ជាក់ថា ក្រសួងការបរទេសសហរដ្ឋអាមេរិកចាត់ទុកថា ការបណ្តេញអ្នកការទូតទាំងពីរ គឺមិន សមហេតុផល ហើយព្រមានថា ទីក្រុងវ៉ាស៊ីនតោន នឹងឆ្លើយតបដោយសមរម្យ៕