KCNA ថាលោក គីម ជុងអ៊ុន អញ្ជើញលោក ពូទីន ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើង

(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញានេះថាមេដឹកនាំរបស់ខ្លួនគឺលោក គីម ជុងអ៊ុន បានអញ្ជើញប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើង ខណៈលោក គីម កំពុងបន្តធ្វើទស្សនកិច្ចរបស់លោក ទៅកាន់រោងចក្រផលិតអាវុធរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ការអញ្ជើញរបស់លោក គីម ធ្វើឡើងនៅក្នុងជំនួប ជាមួយលោក ពូទីន កាលពីថ្ងៃពុធសប្ដាហ៍នេះ ហើយលោក ពូទីន ក៏បានទទួលយកការអញ្ជើញ នេះដែរ។ ប៉ុន្តែ KCNA មិនបានបញ្ជាក់ថាតើដំណើរទស្សនកិច្ចនេះនឹងត្រូវធ្វើឡើងនៅណា នោះទេ រីឯកាលពីថ្ងៃពុធម្សិលមិញដែរ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បាននិយាយថា មិនមានគម្រោងសម្រាប់លោក ពូទីន បំពេញទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាងនៅឡើយទេ។

គួរបញ្ជាក់ថា លោក គីម និងលោក ពូទីន បានព្រមព្រៀងគ្នាលើពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធ សាស្ត្រ នៅចំពោះអ្វីដែលទីក្រុងព្យុងយ៉ាងហៅថា ជាការគំរាមកំហែងយោធាពីសហរដ្ឋអាមេរិក ៕