រដ្ឋមន្ត្រី ឈាង រ៉ា ចេញបទបញ្ជាម៉ឺងម៉ាត់លើការបើកមន្ទីរ ឬអង្គភាពផ្ដល់សេវាសុខាភិបាល ត្រូវតែអនុលោមតាមច្បាប់ បច្ចេកទេស និងកិច្ចសន្យាជាដាច់ខាត


(ភ្នំពេញ)៖ ឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញបទបញ្ជាយ៉ាង ម៉ឺងម៉ាត់លើការបើកមន្ទីរសម្រាកព្យាបាល បន្ទប់ពិគ្រោះជំងឺ ឬអង្គភាពផ្ដល់សេវាសុខាភិបាលផ្សេងៗ គឺត្រូវតែអនុលោមតាមនីតិវិធីច្បាប់ ប្រកាន់ខ្ជាប់នូវបច្ចេកទេស វិជ្ជាជីវៈ និងកិច្ចសន្យាជាដាច់ខាត ម្យ៉ាងទៀតក៏ត្រូវពង្រឹងក្រមសីលធម៌ក្នុងការផ្ដល់សេវាកម្មផងដែរ ដើម្បីលើកកម្ពស់ទំនុកចិត្ត​របស់អ្នកជំងឺ ក៏ដូចជាប្រជាពលរដ្ឋទូទៅ។

ការចេញនូវបទបញ្ជានេះគឺដើម្បីពង្រឹងវិស័យសុខាភិបាលទាំងក្នុងក្របខណ្ឌរដ្ឋ និងឯកជន សំដៅ​លើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ ទាំងនេះក៏ជាការគិតគូរ និងការ​ខិតខំរបស់ឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា ដែលមានបទពិសោធន៍ច្រើនឆ្នាំក្នុងវិស័យសុខាភិបាល ក៏ដូចជាកិច្ចគាំពារសុខភាពសាធារណៈ និងក្រោមការចង្អុលបង្ហាញរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែគិតគូរចំពោះសុខុមាលភាពប្រជាពលរដ្ឋពេលពេល វេលានិងផ្ដល់ការណែនាំដាស់តឿនដល់អង្គភាពប្រតិបត្តិការសុខាភិបាលឱ្យបង្កើនការយកចិត្តទុកដាក់ចំពោះសុខភាពរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។

នៅចំពោះមុខនឹងការណែនាំនេះ ឯកឧត្តម រដ្ឋមន្ត្រី ឈាង រ៉ា ក៏បានលើកទឹកចិត្តដល់អគ្គនាយកដ្ឋាន នាយកដ្ឋាន អង្គភាព និងមន្ត្រីរាជការដែលចំណុះក្រសួងសុខាភិបាល មានមន្ទីរសុខាភិបាល​២៥ រាជធានី-ខេត្តជាដើមនោះ សូមអនុវត្តតាមបទបញ្ជានេះឱ្យបានម៉ឺងម៉ាត់ ដើម្បីចូលរួមចំណែកក្នុងការ ពង្រឹងវិស័យសុខាភិបាលជាតិ និងត្រូវតាមដានត្រួតពិនិត្យការអនុវត្តនៅតាមមន្ទីរពេទ្យ មន្ទីរសម្រាក ព្យាបាលក៏ដូចជាអង្គភាពឯកជនដែលប្រតិបត្តិការលើការផ្ដល់សេវាសុខាភិបាលក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពបំផុត មិនអាចលើកលែងចំពោះអង្គភាពណា ឬមន្ត្រីណា ឬបុគ្គលិក​សុខាភិបាលណាដែលប្រព្រឹត្តខុសនឹងនីតិវិធីច្បាប់បច្ចេកទេស វិជ្ជាជីវៈ ក្រមសីលធម៌នោះឡើយ។

សូមជម្រាបថា ពាក់ព័ន្ធនឹងការពង្រឹងវិស័យសុខាភិបាលនេះដែរ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចបិទនិងដកហូតលិខិត អនុញ្ញាតពី «បន្ទប់ពិគ្រោះព្យាបាលជំងឺត្រចៀក ច្រមុះ បំពង់ក សៀរហឺ» ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ៩០៤ ផ្លូវទន្លេថ្មី ភូមិ៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយសារមិនបានគោរពតាម លក្ខខណ្ឌបច្ចេកទេសមិនគោរពកិច្ចសន្យាដែលបានធានាអះអាងក្នុងពេលស្នើសុំបើកបន្ទប់ពិគ្រោះព្យាបាលជំងឺ៕