(សេអ៊ូល)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP បញ្ជាក់ថា យោធាកូរ៉េខាងត្បូង បានឱ្យដឹងថាកូរ៉េខាងជើងនៅថ្ងៃពុធ ទី១៣ ខែកញ្ញានេះបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគ មួយគ្រាប់ ខណៈ លោក គីម ជុងអ៊ុន កំពុងស្ថិតនៅក្នុងប្រទេសរុស្ស៉ី ដើម្បីជួបជាមួយលោក វ្ល៉ាឌីមៀ ពូទីន។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ នាយសេនាធិការចម្រុះកងទ័ពកូរ៉េខាងត្បូង បានគូសបញ្ជាក់ ដូច្នេះថា «កូរ៉េខាងជើងបានបាញ់មីស៊ីលបាលិស្ទីគ មិនទាន់ស្គាល់ម៉ាកមួយគ្រាប់ ឆ្ពោះទៅកាន់សមុទ្រ ខាងកើត»។
គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន បានធ្វើដំណើរតាមរថភ្លើងពាសដែកទៅដល់រុស្ស៉ីកាលពីថ្ងៃអង្គារ ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាជាមួយលោក ប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន។ មេដឹកនាំកូរ៉េខាងជើងរូបនេះក៏បាននិយាយដែរថាដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសរុស្ស៉ី បានបង្ហាញ យ៉ាងច្បាស់ពី «សារៈសំខាន់យុទ្ធសាស្ត្រ» នៃទំនាក់ទំនងរវាងប្រទេសទាំង២៕