សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសអនុញ្ញាតឱ្យរៀបចំធ្វើលិខិតឆ្លងដែនជូនពលករខ្មែរនៅកូរ៉េ ខាងត្បូងនៅទីនោះផ្ទាល់តែម្តង

(កំពង់ស្ពឺ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសអនុញ្ញាតឱ្យ រៀបចំធ្វើលិខិតឆ្លងដែនជូនពលករខ្មែរនៅកូរ៉េខាងត្បូងនៅទីនោះផ្ទាល់តែម្តង ដើម្បីសម្របសម្រួល មធ្យោបាយ កាត់បន្ថយពេលវេលា ការចំណាយរបស់ពលករខ្មែរនៅទីនោះ។

ការថ្លែងបែបនេះរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជា មួយកម្មករនិយោជិតប្រមាណជិត២ម៉ឺននាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣។ នាឱកាសនោះ សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងថា ទោះបីប្រជាពលរដ្ឋ ខ្មែររស់នៅប្រទេសណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជាត្រូវមានកាតព្វកិច្ចគាំពារ និងផ្ដល់សេវា ជូនពួកគាត់ ដូចទៅនឹងប្រជាពលរដ្ឋនៅក្នុងប្រទេសដែរ តួយ៉ាងដូចជាប្រជាពលករខ្មែរនៅក្រៅ ប្រទេសជាដើម គឺរាជរដ្ឋាភិបាលមានកាតព្វកិច្ចជួយសម្របសម្រួល ផ្ដល់ការគាំពារ និងសេវាផ្សេងៗ តាមដែលអាចធ្វើទៅបាន។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីធ្លាប់បានដឹងអំពីបញ្ហាប្រឈមរបស់ពលករនៅកូរ៉េខាងត្បូង គឺការពន្យារ សុពលភាពលិខិតឆ្លងដែន ដែលមានការលំបាកដោយសារមានលក្ខខណ្ឌមួយចំនួនពាក់ព័ន្ធផ្លូវច្បាប់ ក៏ដូចជាការគិតគូរពីសន្តិសុខជាតិ គិតគូរពីការក្លែងបន្លំជាដើម។ ដូច្នេះហើយទើបសម្ដេចធិបតីបានប្រកាសណែនាំដល់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ អគ្គនាយកអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងយុត្តិធម៌ ដើម្បីសម្របសម្រួលធ្វើលិខិតឆ្លងដែនជូនពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូងនោះតែម្ដង។

សម្ដេចធិបតីបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំបានសម្រេចអនុញ្ញាតឱ្យរៀបចំធ្វើ Passport បាននៅក្រៅ ប្រទេសតែម្ដង ចាប់ផ្ដើមពីកូរ៉េខាងត្បូងមុនគេ ដោយនៅទីនោះមានការលំបាកក្នុងការមកធ្វើនៅ ប្រទេសយើងឆ្ងាយ»

ប៉ុន្តែដើម្បីដោះស្រាយពីកង្វល់លើបញ្ហាសន្តិសុខ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន សម្រេចឱ្យបង្កើតការិយាល័យអនុពន្ធមួយ ដើម្បីឱ្យមន្ត្រីកម្ពុជាភ្ជាប់បណ្ដាញ ទិន្នន័យ និងធ្វើការជា មួយស្ថាប័ននៅក្នុងប្រទេស ដូចជាការបំពេញបែបបទ ការធ្វើលិខិតថ្កោលទោសជាដើម។

ជាមួយគ្នានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំក្រសួងការបរទេសឱ្យបង្កើតកុងស៊ុល កម្ពុជានៅភាគខាងត្បូងប្រទេសថៃ ដើម្បីពង្រីកការផ្តល់សេវានានាជូនពលករខ្មែរដែលកំពុងធ្វើការ នៅទីនោះ។ សម្ដេច ហ៊ុន ម៉ាណែត ក៏បានណែនាំមន្ត្រីស្ថានទូតកម្ពុជា កុងស៊ុល កម្លាំងនគរបាល ពាក់ព័ន្ធ ត្រូវសម្រួលបែបបទនៃការធ្វើលិខិតឆ្លងដែនជូនពលករឱ្យបានល្អប្រសើរ ឆាប់រហ័ស និងជៀងវាងការយកថវិកាក្រៅប្រព័ន្ធពីពួកគាត់៕