(កំពង់ស្ពឺ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាក្ដី កង្វល់ទាំងក្នុងតំបន់ និងសកលលោក។ក្នុងឱកាសបន្តចុះជួបកម្មករជិត២ម៉ឺននាក់ នៅខេត្តកំពង់ស្ពឺ, សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះ អាងថា កាលពីម្សិលមិញ សម្ដេចបានចុះហត្ថលេខាលើអនុក្រឹត្យមួយ ដើម្បីពង្រីកវិសាលភាពនៃ ការគ្រប់គ្រង និងប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយឧបនាយករដ្ឋមន្ដ្រីមួយរូប អមដោយ ឧបនាយករដ្ឋមន្ដ្រី៣រូប និងរដ្ឋមន្ដ្រីតាមបណ្ដាក្រសួងជាសេនាធិការ។
បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពីពេលកន្លងទៅការងារប្រយុទ្ធប្រឆាំងនេះ គឺប្រគល់ជូនទេសរដ្ឋមន្ដ្រីមួយរូប ជាអ្នកដឹកនាំ ដោយមានការចូលរួមពីបណ្ដាក្រសួងពាក់ព័ន្ធ ក្នុង នោះមានទាំងក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិជាដើម។ ប៉ុន្ដែសម្ដេចយល់ឃើញថា នៅពេល ប្រជុំច្បាស់ណាស់ បណ្ដាក្រសួងពាក់ព័ន្ធអាចបញ្ជូនត្រឹមរដ្ឋលេខាធិការប៉ុណ្ណោះ ដើម្បីចូលរួម ដែលធ្វើឲ្យការងារនេះហាក់មិនសូវមានទម្ងន់ ដូច្នេះហើយទើបសម្ដេចសម្រេចកែសម្រួលតែម្ដង។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសម្រេចកែសម្រួល ខ្ញុំរៀបចំឧបនាយករដ្ឋមន្ដ្រីមួយរូប ជាប្រធានអាជ្ញាធរនេះតែម្ដង ហើយមានឧបនាយករដ្ឋមន្ដ្រី ៣រូបអម ក្នុងនោះមាន ការពារជាតិ មហាផ្ទៃ និងយុត្តិធម៌ ព្រមទាំងរដ្ឋមន្ដ្រីពាក់ព័ន្ធទាំងអស់ចូលជាសមាជិក ហើយយន្ដការនេះត្រូវតម្លើងកម្រិត ហើយមានទេសរដ្ឋមន្ដ្រីម្នាក់ ជាអនុប្រធានប្រចាំការដឹក នាំតែម្ដង»។ សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានអះអាងថា ការសម្រេចតម្លើងកម្រិតដឹកនាំនេះ គឺដើម្បី បង្ហាញអំពីការប្ដេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលមិនខុសពីនីតិកាលកន្លងទៅ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ។
សូមរំលឹកថា រាជរដ្ឋាភិបាល នីតិកាលទី៧ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣កន្លងទៅ បាន ប្រគល់ភារកិច្ចជូន លោកទេសរដ្ឋមន្រ្តី ព្រុំ សុខា ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជំនួសលោក កែ គឹមយ៉ាន។
មុនឈានដល់ការបង្កើតរាជរដ្ឋាភិបាល អាណត្តិថ្មីនេះ កាលពីពេលកន្លងទៅ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានចាត់ទុកបញ្ហា គ្រឿងញៀនជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់សង្គមកម្ពុជា។ ក្នុងន័យនេះសម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យរាជរដ្ឋាភិបាលអាណត្តិថ្មី ត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការប្រយុទ្ធប្រឆាំង និងបង្ក្រាបលើការជួញដូរគ្រឿងញៀន។
ដើម្បីបង្ក្រាបការជួញដូរគ្រឿងញៀនឱ្យមានប្រសិទ្ធភាព សម្តេចតេជោ ហ៊ុន សែន បានផ្តួចផ្តើម គំនិតឲ្យធ្វើកំណែទម្រង់អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជាស្ថាប័នពាក់ព័ន្ធដទៃទៀត។ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា បើការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ទទួលបានជោគ ជ័យ វាគឺជាសមិទ្ធផលដ៏ធំមួយឆ្លុះបញ្ចាំងពីសមត្ថភាពរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី៕