កោះកុង÷ អាជ្ញាធរខេត្តកោះកុងរៀបចំ
ប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ឆ្នាំ ២០២៣ ក្រោមប្រធានបទ” អក្ខរកម្មជាមូលដ្ឋានគ្រឹះ នៃសហគ្រិន និងសង្គមសេដ្ឋកិច្ច” ក្រោមអធិបតីលោកជំទាវមិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង នាព្រឹកថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលមហោស្រពខេត្តកោះកុង ។
លោកប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានលើកឡើងថា បច្ចុប្បន្នក្រុងខេមរ ភូមិន្ទ មានមជ្ឈមណ្ឌលសិក្សា អប់រំក្រៅប្រព័ន្ធចំនួន២ទីតាំង÷
- ទីតាំងទី ១ ក្នុងបរិវេណវត្តទេពនិមិត្ត (ហៅវត្តថ្មី) ស្ថិតក្នុងភូមិ ៣ សង្កាត់ស្មាច់មានជ័យ
- ទីតាំងទី ២ ស្ថិតនៅភូមិ ៤ សង្កាត់ដងទង់ ។
យោងតាមគោលនយោបាយនិងផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ ២០១៩- ២០២៣ បានកំណត់វត្ថុបំណងគោលនយោបាយអនុវិស័យអប់រំក្រៅប្រព័ន្ធ បង្កើនចំនួនអក្ខរជន និងការចូលរៀនក្នុងកម្មវិធីអប់រំក្រៅប្រព័ន្ធសម្រាប់កុមារ យុវជនក្រៅសាលា និងអក្ខរជនពេញវ័យ ឱ្យទទួលបានសេវាអប់រំក្រៅប្រព័ន្ធពេញលេញ ក្នុងក្របខណ្ឌនៃការសិក្សាពេញមួយជីវិត ប្រកបដោយវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា។
.ពង្រឹងការអនុវត្តប្រព័ន្ធគ្រប់គ្រងផ្អែកលើលទ្ធផលរបស់កម្មវិធីកម្មវិធីអប់រំក្រៅប្រព័ន្ធ ឱ្យមានដំណើរការពេញលេញ
.លើកកម្ពស់សមត្ថភាពមន្ត្រីអប់រំកាលប្រព័ន្ធគ្រប់គ្រងជាប់ថ្នាក់។
ក្នុងឱកាសនោះដែរ លោកជំទាវអភិបាល ខេត្ត បានអានសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ឆ្នាំ២០២៣ ថា ទិវាអក្ខរកម្ម ៨កញ្ញា នៅឆ្នាំនេះ ប្រារព្ធឡើងក្រោមប្រធានបទស្ដីពី” អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃចំណេះ ដឹង “អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃការអប់រំ “អក្ខរកម្ម ជួយមនុស្សគ្រប់រូបឱ្យអាចយល់ដឹង វិភាគព័ត៌មានទូទៅ និងទទួលបាននូវចំណេះដឹងថ្មីៗ ព្រមទាំងបង្កើត ឱកាសក្នុងការកែលម្អគុណភាពនៃជីវិត និងជាមូលដ្ឋានគ្រឹះនៃការសិក្សាពេញមួយជីវិត ពោលគឺ! អក្ខរកម្មបានជួយប្រជាពល រដ្ឋឱ្យទទួលបានការអប់រំភាសា វិទ្យា សាស្ត្រ វប្បធម៌ និងសេដ្ឋកិច្ច ដើម្បីឈានឆ្ពោះទៅរកការកសាងបាននូវមូលធនបញ្ញា និងមូលធនសង្គម សម្រាប់ជំរុញកំណើនផលិតភាព សីលធម៌សង្គម ប្រសិទ្ធភាព ការងារ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។
ក្រោយទទួលបានចំណេះដឹងផ្នែកអក្ខរកម្ម អ្នកសិក្សាដែលជាយុវជន និងជនពេញវ័យទាំងអស់នឹងមានលទ្ធភាពក្នុងការសិក្សាបន្ត ឬចាប់យកជំនាញផ្សេងៗ ជាពិសេសជំនាញសតវត្សរ៍ទី២១ (រួមមានការប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយ ការទំនាក់ទំនង ការរៀបចំគម្រោង ការធ្វើបទបង្ហាញ ការដោះស្រាយបញ្ហា និងគំនិតអភិវឌ្ឍសង្គម ជាដើម។ ចំណេះដឹង និងជំនាញ (ទាំងជំនាញទន់ និងជំនាញរឹង) ដែលបានមកពីការសិក្សា រៀនសូត្រនេះ នឹងធ្វើឱ្យយុវជន និងជនពេញវ័យមានសមត្ថភាពគ្រប់គ្រាន់ និងគំនិតច្នៃប្រឌិត និងនវានុវត្តន៍ ឈានឆ្ពោះទៅបង្កើតអ្វីដែលថ្មី ឬឈានទៅបង្កើតមុខរបរឬអាជីវកម្មផ្ទាល់ខ្លួនបានយ៉ាងល្អប្រសើរ ដើម្បីជំរុញ កំណើនសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។
ទិវាអក្ខរកម្មជាតិ ៨ កញ្ញា ឆ្នាំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹងឲ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស អំពីសារៈសំខាន់នៃការងារអក្ខរកម្ម ដែលជាមូលគ្រឹះដ៏រឹងមាំ ឆ្ពោះទៅរកការអភិវឌ្ឍសមត្ថភាពរបស់ប្រជាពល រដ្ឋគ្រប់រូប ប្រកបដោយថាមពល គុណ ភាព និងភាពជាពលរដ្ឋសកល ដើម្បីរួមចំណែក បង្កើនល្បឿននៃកំណើនសេដ្ឋកិច្ច និងធ្វើឱ្យសង្គមជាតិទាំងមូលរីកចម្រើនជឿនលឿនទៅមុខ៕ ដោយ សេន ពិសិដ្ឋ