(ហ្សាកាតា, ឥណ្ឌូនេស៊ី)៖ នៅព្រឹកថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៦ ដែល ប្រារព្ធធ្វើឡើងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។
កិច្ចប្រជុំកំពូលអាស៊ាន-ចិន ដឹកនាំកិច្ចប្រជុំដោយលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី និងជា ប្រធានអាស៊ាន និងលោក លី ឈាំង នាយករដ្ឋមន្ត្រីចិន។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏មានការយាង និងអញ្ជើញចូលរួមពីសំណាក់ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រនៃប្រទេសប្រ៊ុយណេដារូសាឡឹម,លោក លី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី, លោក ផាម មីងជិញ នាយករដ្ឋមន្ត្រីវៀតណាម, លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ, លោក ហ្វេដីណេន ម៉ាកូស ប្រធានាធិបតីហ្វីលីពិន និងលោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។
ឯកឧត្តម បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក៏បានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំ នេះផងដែរ។ ប្រទេសចិន គឺជាដៃគូរវិនិយោគដ៏ធំជាងគេបំផុតរបស់អាស៊ាន ចំនួន ១៣ឆ្នាំជាប់គ្នាៗមកហើយ។ ទំហំពាណិជ្ជកម្មរវាងចិន និងអាស៊ាន កើនដល់ជិត ៦ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ២០២២។
សូមបញ្ជាក់ថា ចិន បានក្លាយទៅជាដៃគូសន្ទនារបស់អាស៊ាន កាលពីឆ្នាំ១៩៩១។ កាលពីឆ្នាំ២០២១ អាស៊ាន និងចិន បានរៀបចំកិច្ចប្រជុំកំពូលពិសេស ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងនេះ។ ក្នុងកិច្ចប្រជុំនោះ មេដឹកនាំអាស៊ាន និងចិន បានសម្រេចបង្កើនកម្រិតទំនាក់ទំនងរវាងអាស៊ាន និងចិន ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយទទួលស្គាល់ ថា ទំនាក់ទំនងអាស៊ាន-ចិន គឺស្ថិតក្នុងចំណោមទំនាក់ទំនង ដែលប្រកបដោយថាមវន្តបំផុត មាន សារៈសំខាន់ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងបានរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព អភិវឌ្ឍន៍ និងវិបុលភាពនៅក្នុងតំបន់៕