អាស៊ានសម្រេចថា មីយ៉ាន់ម៉ា នឹងមិនត្រូវបានអនុញ្ញាតឱ្យ កាន់តំណែងជាប្រធានប្ដូរវេន នៅឆ្នាំ២០២៦ឡើយ


(ហ្សាការតា)៖  តាមក្រុមមន្ត្រីការទូតអាស៊ាន និងមេដឹកនាំហ្វីលីពីន ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់សារព័ត៌មាន AP បានបញ្ជាក់ថា ក្រុមមេដឹកនាំអាស៊ាន នៅថ្ងៃអង្គារ ទី៥ ខែកញ្ញានេះបាន សម្រេចចិត្តថាមីយ៉ាន់ម៉ានឹងមិនត្រូវបានអនុញ្ញាតឱ្យទទួលតំណែងជាប្រធានអាស៊ានប្ដូរវេននៅឆ្នាំ ២០២៦ នោះទេ។

ការសម្រេចចិត្តខាងលើត្រូវបានប្រកាសឱ្យដឹងនៅឯកិច្ចប្រជុំកំពូលអាស៊ាន ដែលកំពុងប្រព្រឹត្តទៅ ក្នុងទីក្រុងហ្សាការតា នៃប្រទេសឥណ្ឌូណេស៊ី ហើយនេះអាចជា បរាជ័យមួយនៃកិច្ចខិតប្រឹងប្រែង របស់របបសឹកមីយ៉ាន់ម៉ា ក្នុងការស្វះស្វែងការគាំទ្រ និងទទួលស្គាល់ពីអន្តរជាតិ បន្ទាប់ពីការធ្វើរដ្ឋ ប្រហារយោធាដណ្ដើមអំណាច កាលពីឆ្នាំ២០២១ ដែលបង្កឱ្យមានភាពចលាចលនៃអំពើហិង្សា មកទល់នឹងសព្វថ្ងៃ។

ជុំវិញការសម្រេចចិត្តនេះដែរ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បាននិយាយ ថាប្រទេសរបស់លោកបានត្រៀមខ្លួនជាស្រេច ដើម្បីទទួលតំណែង ជាប្រធានអាស៊ានជំនួស មីយ៉ាន់ម៉ា នៅឆ្នាំ២០២៦។ «ខ្ញុំមានសោមនស្សដោយសូមប្រកាសថាហ្វីលីពីន បានត្រៀមខ្លួនជា ស្រេចដើម្បីទទួលតំណែងជាប្រធានអាស៊ាន នៅឆ្នាំ២០២៦»។ នេះជាការលើកឡើងរបស់លោក Marcos ទៅកាន់មេដឹកនាំអាស៊ានក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ីដោយមិនបានបញ្ជាក់ ថាតើហេតុអ្វី បានជាហ្វីលីពីនត្រូវទទួលតំណែងជាប្រធានប្ដូរវេនជំនួសមីយ៉ាន់ម៉ា ឡើយ។

គួរបញ្ជាក់ថា មីយ៉ាន់ម៉ា​ បានធ្លាក់ចូលក្នុងភាពចលាចលនៃអំពើហិង្សាយ៉ាងបង្ហូរឈាម ចាប់តាំង ពីមានរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលជាប់ឆ្នោត របស់លោកស្រី អោងសាន ស៊ូជី ពីអំណាចកាល ពីឆ្នាំ២០២១ ហើយយោធាបានបើកការបង្រ្កាបយ៉ាងបង្ហូរឈាមលើក្រុមអ្នកប្រឆាំង។ ប្រទេសឡាវ នឹងត្រូវកាន់តំណែងជាប្រធាន ប្ដូរវេនអាស៊ាននៅឆ្នាំ២០២៤ រីឯម៉ាឡេស៊ីនឹងត្រូវធ្វើជាប្រធាននៅ ឆ្នាំ២០២៥៕