អគ្គលេខាធិការអាស៊ាន អញ្ជើញចូលរួមថ្លែងសន្ទរកថាស្វាគមន៍ ក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន

(ហ្សាការតា)៖ នៅព្រឹកថ្ងៃអាទិត្យ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមថ្លែងសន្ទរកថាស្វាគមន៍ ក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន។

នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានលើកទឹកចិត្តឱ្យមានការចូលរួមកាន់តែខ្លាំងពីវិស័យឯកជន នៅក្នុងសហគមន៍ធុរកិច្ច ដើម្បីធ្វើឱ្យកំណើនសេដ្ឋកិច្ចអាស៊ាន កាន់តែមានចីរភាព និងបរិយាប្ន័ន ក៏ដូចជា ផ្តល់ឱកាសសម្រាប់ធុរកិច្ចទាំងអស់មិនថាតូចឬធំទេ។

នៅព្រឹកថ្ងៃអាទិត្យដដែល លោកបណ្ឌិត កៅ គឹមហួន ក៏បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២៣ផងដែរ។ កិច្ចប្រជុំបានផ្តោតលើការពិនិត្យឡើងវិញ នៃវឌ្ឍនភាពក្នុងការអនុវត្តផែនទី ចង្អុលផ្លូវរបស់សហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ ដោយបានពិភាក្សាលើសមិទ្ធផលអាទិភាពសេដ្ឋកិច្ច ឆ្នាំ២០២៣ ក្រោមការដឹកនាំរបស់ឥណ្ឌូណេស៊ី ព្រមទាំងគំនិតផ្តួចផ្តើមនានាពាក់ព័ន្ធនឹងនិរន្តរភាព និងការផ្លាស់ប្តូរផ្នែកឌីជីថល។

កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកនេះ គឺជាលើកដំបូងហើយ ដែលមានសម័យប្រជុំចង្អៀតពិសេស មុនពេលប្រជុំពេញអង្គ ដែលបានអំពីរបៀបវារៈរបស់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានក្រោយឆ្នាំ២០២៥។

នៅរសៀលថ្ងៃអាទិត្យ ទី៣ ខែកញ្ញា ឆ្នាំ២០២៣ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងពិធីចាប់ផ្តើមការចរចាកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA) នាឱកាស នៃកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២៣។ គោលបំណងចំបងនៃ DEFA គឺដើម្បីបង្កើនការផ្លាស់ប្តូរផ្នែកឌីជីថលនៅក្នុងអាស៊ាន គាំទ្រដោយបច្ចេកវិទ្យាទំនើប។

នៅល្ងាចថ្ងៃអាទិត្យ អគ្គលេខាធិការអាស៊ាន បានទទួលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត Thani bin Ahmed Al Zeyoudi អនុរដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មបរទេសអេមីរ៉ាតអារ៉ាប់រួម។

ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បី ពង្រឹងភាពជាដៃគូសន្ទនាអាស៊ានជាមួយ អេមីរ៉ាតអារ៉ាប់រួម ព្រមទាំងកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបាន នៅក្រោមសរសស្តម្ភសេដ្ឋកិច្ច ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ៕