(ដែលវែរ)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះបាននិយាយថាលោកមានការខកចិត្ត ដែលប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងមិនចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣។
លោក ចូ បៃដិន ធ្វើការកត់សម្គាល់ខាងលើប្រាប់អ្នកសារព័ត៌មាន ក្នុងទីក្រុង Rehoboth Beach នៃរដ្ឋ Delaware។ លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំមានការខកចិត្ត…ប៉ុន្តែខ្ញុំនឹងទៅជួបគាត់ (លោក ស៊ី ជីនពីង)»។ យ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិករូបនេះមិនបានបន្ថែមអ្វីលម្អិត លើសពីនេះនោះទេ។
គួរបញ្ជាក់ថា លោក ចូ បៃដិន នឹងត្រូវបំពេញទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែកញ្ញា មុននឹង បន្តធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសវៀតណាម ខណៈរដ្ឋបាលរបស់លោកកំពុងព្យាយាមពង្រឹងទំនាក់ទំនងអាមេរិកនៅក្នុងតំបន់អាស៊ី។ លោក ស៊ី ជិនពីង ត្រូវបានគេរាយការណ៍ថានឹងមិនទៅចូលរួមកិច្ចប្រជុំកំពូល G20 ក្នុងទីក្រុងញូវដេលីឡើយ ដោយនាយករដ្ឋមន្ត្រីចិន លោក Li Qiang អាចនឹងមានវត្តមាន ជំនួសរូបលោក៕