(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ កិត្តិសង្គហ បណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងអនុម័តលើរបៀប វារៈចំនួន៤ ដោយក្នុងនោះក៏មានការកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះផងដែរ។
របៀបវារៈទាំង៤ដែលអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានលើកយកមកធ្វើការពិភាក្សា និងអនុម័ត ទទួលបាននូវលទ្ធផលដូចខាងក្រោម៖
១- អង្គប្រជុំបានអនុម័តឯកភាព លើសំណើសុំផ្លាស់ប្តូរតំណាងរាស្ត្រ នៃគណបក្សប្រជាជនកម្ពុជា ចំនួន ២៩រូប តាមសំណើរបស់គណបក្សប្រជាជនកម្ពុជា។ ការប្រកាសសុពលភាពនៃអាណត្តិបេក្ខជនទំាង២៩រូប នឹងធ្វើឡើងនៅក្នុងសម័យប្រជុំរដ្ឋសភានា ពេលខាងមុខនេះ។
២- អង្គប្រជុំបានអនុម័តលើរបាយការណ៍ ស្តីពីលទ្ធផលនៃការទទួលពាក្យសុំឈរឈ្មោះជាបេក្ខ ជនសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ចំនួន១រូប សម្រាប់ជំនួស លោក សំ ព្រហ្មនា សមាជិកក្រុមប្រឹក្សា ធម្មនុញ្ញ ដែលបានទទួលមរណភាព ជ្រើសតាំងដោយរដ្ឋសភា នីតិកាលទី៧។
៣- អង្គប្រជុំបានអនុម័តយល់ព្រមលើសមាសភាពលេខាធិការសម័យប្រជុំរដ្ឋសភា លើកទី១
នីតិកាលទី៧ ចំនួន៣រូប ដែលមានរាយនាមដូចតទៅ៖
– លោក ឃុត ចាន់ដារ៉ា អាយុ ៤២ឆ្នាំ
– លោក ម៉ាត់ សេត អាយុ ៤២ឆ្នាំ
– លោក សេង ញ៉ក់ អាយុ ៤៣ឆ្នាំ
៤៖ អង្គប្រជុំបានអនុម័តយល់ព្រមលើកាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា
លើកទី១ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៨:០០ព្រឹក
ដែលមានរបៀបវារៈដូចខាង ក្រោម៖
៤-១៖ ការសម្រេចអំពីសុពលភាពនៃអាណត្តិ
របស់បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ចំនួន ២៩រូប
ជំនួសតំណាងរាស្ត្រដែលបានសុំលាលែង។
៤-២៖ ការបោះឆ្នោតជ្រើសតាំងឯកឧត្តម យក់ ង៉ុយ
ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ជំនួស ឯកឧត្តម សំ ព្រហ្មនា
សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានទទួលមរណភាព ជ្រើសតាំងដោយ រដ្ឋសភា នីតិកាលទី៧៕