ព្យុះទីហ្វុងមានឥទ្ធិពលមួយ កំពុងគំរាមកំហែងតំបន់ភាគខាងជើងប្រទេសហ្វីលីពីន

(ម៉ានីល)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០២៣ ប្រាប់ថា អាជ្ញាធរឧតុនិយមនៃប្រទេសហ្វីលីពីន បានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា ព្យុះ ត្រូពិចឈ្មោះ Saola បានកើនឡើងថាមពលក្លាយជា​ព្យុះស៊ូពើទីហ្វុង ដែលអាចនឹងបង្កឱ្យមានភ្លៀង ធ្លាក់និងខ្យល់បោកបក់ខ្លាំងក្លា មកលើបណ្តាខេត្តនៅភាគខាងជើងនៃប្រទេសអាស៊ានមួយនេះ។

គិតត្រឹមវេលាទាបភ្លឺថ្ងៃអាទិត្យនេះ ព្យុះ Saola ដែលមានកម្លាំងខ្យល់បក់ចន្លោះ១៨៥-២៣០គីឡូ ម៉ែត្រក្នុងមួយម៉ោង កំពុងតែស្ថិតនៅលើ​ផ្ទៃសមុទ្រក្បែឆ្នេរខេត្ត Isabela របស់ប្រទេសហ្វីលីពីន។ អាជ្ញាធរឧតុនិយមហ្វីលីពីន បានព្យាករថា នឹងមានភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃអាទិត្យនេះ និងនៅថ្ងៃចន្ទ ស្អែក ក្នុងខេត្ត Isabela, Cagayan, Ilocos ព្រមទាំងតំបន់ភ្នំ Cordillera​ ជាហេតុបង្កើនហានិភ័យ នៃគ្រោះទឹកជំនន់ និងបំណាក់ដី។

ខេត្តទាំង៣ ស្ថិតក្នុងចំណោមខេត្តដែលផលិតស្រូវ ពោត និងបន្លែធំជាងគេរបស់ហ្វីលីពីន។ ព្យុះ Saola ត្រូវគេរំពឹងថានឹងជះឥទ្ធិពល​លើបណ្តាខេត្តនានានៅលើកោះធំ Luzon របស់ហ្វីលីពីន រួម ជាមួយរដ្ឋធានីម៉ានីល សម្រាប់រយៈពេល៣ថ្ងៃខាងមុខ។ កាលពីខែកក្កដា ខ្យល់បោកបក់និង ភ្លៀងធ្លាក់ខ្លាំង ក៏បានវាយលុកតំបន់ភាគខាងជើងហ្វីលីពីនដែរ ដោយសារតែព្យុះទីហ្វុង Doksuri ដ៏មានឥទ្ធិពល ដោយវាបានបណ្តាលឱ្យទឹកទន្លេជន់លិច​ ហើយបង្កឱ្យប្រជាជនហ្វីលីពីនរាប់ពាន់ នាក់ គ្មានអគ្គិសនីប្រើប្រាស់៕