(សេអ៊ូល)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFPនៅថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣ បញ្ជាក់ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង ជឿជាក់ថាកូរ៉េខាងជើងកំពុង ត្រៀមលក្ខណៈបាញ់សាកល្បងមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ក្នុងពេលដំណាលគ្នានៃកិច្ចប្រជុំ កំពូលត្រីភាគីរវាងមេដឹកនាំអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង។
បើតាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង ការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង នឹងធ្វើ ឡើងជាការឆ្លើយតបទៅនឹងកិច្ចប្រជុំកំពូលត្រីភាគីអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ដែលនឹងប្រព្រឹត្ត ទៅនៅឯបន្ទាយយោធាអាមេរិក Camp David ស្ថិតនៅខាងក្រៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃសុក្រនេះ (ម៉ោងនៅអាមេរិក)។ ការធ្វើតេស្ដមីស៊ីលនេះទៀតសោតក៏អាចជាការបង្ហាញការជំទាស់របស់ទីក្រុងព្យុងយ៉ាង ទៅនឹងការ ធ្វើសមយុទ្ធយោធារួមគ្នារវាង សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលបានចាប់ផ្ដើមកាលពីថ្ងៃ ចន្ទដើមសប្ដាហ៍កន្លងទៅនេះ ហើយគ្រោងនឹងបន្តរហូតដល់ដំណាច់ខែសីហានេះ៕