កម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយស៊ីមបាវ៉េ ពិសេសទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍


(ភ្នំពេញ)៖ កម្ពុជានឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយស៉ីមបាវ៉េ ដែលជា ប្រទេសមួយនៅភាគខាងត្បូងទ្វីបអាហ្វ្រិក និងមានភាពល្បីល្បាញផ្នែកទេសចរណ៍ធម្មជាតិ ដើម្បី ជំរុញទាក់ទាញរំហូរទេសចរ ទៅវិញទៅមក និងប្រទេសទី៣ ខណៈស៉ីមបាវ៉េក៏សម្លឹងឃើញសក្ដា នុពលទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍របស់កម្ពុជាផងដែរ។

ការបញ្ជាក់នេះធ្វើឡើងក្នុងពេល ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតឱ្យ លោកស្រី ខន់ស្តេន ចេមវ៉ាយី (Constance Chemwati) ឯកអគ្គរដ្ឋទួតស៉ីមបាវ៉េប្រចាំកម្ពុជាដែល មាននិវេសនដ្ឋាននៅម៉ាឡេស៉ី ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀល ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។

ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន បានលើកឡើងពីស្ថានភាពទេសចរណ៍កម្ពុជា ដែលជាគោលដៅ ទេសចរណ៍វប្បធម៌ និងទេសចរណ៍ធម្មជាតិ ព្រមទាំងបានបង្ហាញអំពីកត្តាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ក្នុងនោះវិស័យទេសចរណ៍ក៏ត្រូវបានយកចិត្ត ទុកដាក់ខ្ពស់ក្នុងការស្ដារនិងលើកស្ទួយឡើងវិញបន្ទាប់ពីរងនូវវិបត្តិជំងឺកូវីដ១៩។ នៅឆ្នាំ២០២៣នេះ កម្ពុជារំពឹងនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៥លាននាក់ ព្រមទាំងមានកិច្ចសហប្រតិ បត្តិការជាមួយបណ្ដាប្រទេសជាច្រើន ដើម្បីពង្រឹងទំនាក់ទំនងលើវិស័យទេសចរណ៍ បង្កើនចលនា ភ្ញៀវទេសចរឱ្យកាន់តែច្រើនលើសនេះទៀត ខណៈ៧ខែដើមឆ្នាំ២០២៣នេះ កម្ពុជាបានទទួល ទេសចរអន្តរជាតិជាង៣.០៣លាននាក់រួចទៅហើយ។

លោកស្រី ខន់ស្ដេន ចេមវ៉ាយី បានសង្កេតឃើញនូវការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា មានភាពលឿនរហ័ស។ លោកស្រីបានបន្តថា កម្ពុជានិងស៊ីមបាវ៉េអាចសហការគ្នាដើម្បីជំរុញ ទេសចរណ៍ទៅវិញទៅមក និងទាក់ទាញភ្ញៀវទេសចរទី៣ តាមរយៈការអភិវឌ្ឍទេសចរណ៍វប្បធម៌ ដោយសារកម្ពុជាជាគោលដៅទេសចរណ៍វប្បធម៌ស្រាប់ និងមានគោលនយោបាយអភិវឌ្ឍន៍ទេស ចរណ៍ប្រភេទនេះផងដែរ ពិសេសនៅតាមគោលដៅបេតិកភណ្ឌវប្បធម៌ជាច្រើន។ លោកស្រីបានបន្តថា ស៊ីមបាវ៉េគឺចង់ជំរុញទេសចរណ៍វប្បធម៌ឱ្យកាន់តែខ្លាំងថែមទៀត ដើម្បីជំរុញ កំណើនទេសចរនៅក្នុងប្រទេសខ្លួនឱ្យកាន់តែច្រើន ក្រោយពេលវិបត្តិកូវីដ១៩។

ជាមួយគ្នានោះភាគីទាំងពីរបានពិភាក្សាគ្នាលើការអភិវឌ្ឍវិស័យអេកូទេសចរណ៍របស់ប្រទេសទាំងពីរ។ លោករដ្ឋមន្ត្រី ថោង ខុន បានជម្រាបជូនលោកស្រីឯកអគ្គរដ្ឋទួតថា កម្ពុជាមានសក្ដានុពលទេស ចរណ៍ជាច្រើន និងមានគោលនយោបាយជាច្រើនសម្រាប់ជំរុញវិស័យអេកូទេសចរណ៍នេះ ហើយក្នុងវិបត្តិជំងឺកូវីដ១៩វិស័យអេកូទេសចរណ៍គឺជាផលិតផលទេសចរណ៍សំខាន់ដែលជំរុញដោលកំណើនទេសចរក្នុងស្រុក។ លោកស្រីឯកអគ្គរដ្ឋទួតក៏បានបញ្ជាក់ដែរថា នៅប្រទេសស៉ីមបាវ៉េ ក៏មានធនធានធម្មជាតិច្រើនដែរ ពិសេសសត្វព្រៃជាច្រើនប្រភេទដែលជាគោលដៅសំខាន់ ហើយ នៅជាប់ទឹកធ្លាក់វិចតូរីយ៉ាដែលជាគោលដៅទាក់ទាញខ្លាំងមួយ។ តាមរយៈការលើកឡើងនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការចំពោះវិស័យទាំងពីរនេះ។

ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានពិភាក្សាលើការបណ្ដុះបណ្ដាលធនធានមនុស្ស ដោយភាគី-ភាគី ស៉ីមបាវ៉េបានមើលឃើញចំណុចសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស ដោយសារកម្ពុជាមានភាព លេចធ្លោលើការបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ស្របតាមស្ដង់ដាអាស៊ាន។ ដូច្នេះប្រទេសទាំងពីរអាចនឹងមានការផ្លាស់ប្ដូរធនធានមនុស្សក្នុងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់អាស៊ានផងដែរ។

តែយ៉ាងណាភាគីទាំងពីរនឹងរៀបចំជាអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយគ្នា ដើម្បីជាផែនទីសម្រាប់អនុវត្តផែនការសកម្មភាពជាមួយគ្នា ហើយនឹងជួប ពិភាក្សាគ្នាបន្ថែមទៀតក្នុងពេលដែលអង្គការទេសចរណ៍ពិភពលោក (UNWTO) រៀបចំមហាសន្និ បាតនៅប្រទេសអ៊ូបេគីស្ថាន (នៅតំបន់អាស៉ីកណ្ដាល) នៅចុងឆ្នាំ២០២៣ខាងមុខ៕