លោក Blinken ជជែកតាមទូរស័ព្ទជាមួយអតីតទាហានម៉ារីនអាមេរិក Paul Whelan ដែលកំពុងជាប់ ឃុំក្នុងពន្ធនាគាររុស្ស៉ី


(វ៉ាស៉ីនតោន)៖  យោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០២៣ បានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អាន់តូនី ប្លីនខិន (Antony Blinken) កាលពីថ្ងៃពុធសប្តាហ៍នេះ បានជជែកគ្នាតាមទូរស័ព្ទ ជាមួយពលរដ្ឋអាមេរិក លោក ផូល វេលែន (Paul Whelan) ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារនៅរុស្ស៉ី។ លោក វេលែន ដែលជាអតីតទាហានម៉ារីនអាមេរិក ត្រូវបានអាជ្ញាធររុស្ស៉ីចាប់ខ្លួនកាលពីឆ្នាំ២០១៨ ហើយត្រូវឃុំ ខ្លួនរយៈពេល ១៨ខែ នៅពន្ធនាគារ ឡេហ្វ័រតូវ៉ូ (Lefortovo) ក្នុងទីក្រុងមូស្គូ និងត្រូវផ្តន្ទាទោស ដាក់ពន្ធនាគាររយៈពេល ១៦ឆ្នាំទៀតពីបទចារកម្ម កាលពីឆ្នាំ២០២០។ ប៉ុន្តែលោកបាន បដិសេធ ការចោទប្រកាន់ទាំងនេះ។ ក្នុងពេលជជែកគ្នានោះ លោក ប្លីនខិន បានប្រាប់លោក វេលែន ឲ្យ រក្សាជំនឿចិត្ត ហើយថាសហរដ្ឋអាមេរិក កំពុង ធ្វើអ្វីគ្រប់យ៉ាង ដើម្បីនាំរូបលោកត្រឡប់ទៅផ្ទះវិញ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕