រដ្ឋាភិបាលកាណាដា ចេញបញ្ជាជម្លៀសប្រជាជន ខណៈភ្លើងឆេះព្រៃកំពុងគំរាមកំហែងទីក្រុង Yellowknife


(អូតាវ៉ា)៖ អាជ្ញាធរប្រចាំតំបន់ បានឲ្យដឹងនៅថ្ងៃពុធសប្តាហ៍នេះថា ភ្លើងឆេះព្រៃដ៏ធំមួយនៅភាគ ខាងជើងប្រទេសកាណាដា កំពុងរាលដាលទៅកាន់តែ ជិតទីក្រុងយ៉េឡូណាហ្វ (Yellowknife) នៃដែនដីភាគពាយ័ព្យ ហើយអាចទៅដល់ជាយក្រុងនៅចុងសប្តាហ៍នេះ ប្រសិនបើមិនមានភ្លៀង ធ្លាក់ទេនោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃ ព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០២៣។ ទីក្រុង Yellowknife មានប្រជាជនរស់នៅប្រហែល ២០,០០០នាក់។ បើតាមទីភ្នាក់ងារពន្លត់អគ្គិភ័យនៃដែនដីភាគពាយព្យ (Northwest Territories) ភ្លើងឆេះព្រៃទំហំ ១៦៣,០០០ហិកតា បច្ចុប្បន្នគឺនៅចម្ងាយ ១៧គីឡូម៉ែត្រពីទីក្រុង Yellowknife ហើយទំនងជានឹងទៅដល់ផ្លូវហាយវ៉េ ដែលតភ្ជាប់ ទីក្រុងនេះចូល ទៅក្នុងប្រទេសកាណាដា នៅ ថ្ងៃព្រហស្បតិ៍នេះ។ អ្នកស្រុក Yellowknife មួយចំនួនបានចាកចេញពីទីក្រុងជាមុន និងបានព្រមាន ថាផ្លូវហាយវេអាចបិទភ្លាមៗដោយសារតែហានិភ័យនៃអគ្គីភ័យ។ យ៉ាងនេះក្តី អាជ្ញាធរនៅតែបន្ត ជំរុញដល់ប្រជាជនកុំឲ្យមានការភ័យស្លន់ស្លោរ៕