(វ៉ាស៊ីនតោន)៖ គណៈវិនិច្ឆ័យនៅក្នុងរដ្ឋចចជៀ (Georgia) នៅថ្ងៃអង្គារ ទី១៥ ខែសីហានេះបានចោទប្រកាន់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ពីបទល្មើសព្រហ្មទណ្ឌពាក់ព័ន្ធនឹងការព្យាយាមដោយខុសច្បាប់ ដើម្បីប្រែក្រឡាស់លទ្ធផលបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០២០ ដែលបង្ហាញថា លោកបានចាញ់លោក ចូ បៃដិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ការចោទប្រកាន់ខាងលើប្រឆាំងនឹងលោក ដូណាល់ ត្រាំ ត្រូវបានស្នើឡើងដោយរដ្ឋអាជ្ញាលោកស្រី Fani Willis ខណៈរូបលោកកំពុងប្រជែងយកតំណែងជា បេក្ខជនប្រធានាធិបតីអាមេរិកតំណាងឱ្យបក្សសាធារណរដ្ឋសាជាថ្មីសម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២៤។
ក្រុមរដ្ឋអាជ្ញាអាមេរិក បានចោទប្រកាន់ប្រឆាំងលោក ត្រាំ និងមនុស្សជំនិតរបស់លោក ចំនួន ១១ករណី ក្នុងនោះរួមមានទាំងការក្លែងបន្លំ និងការសម្លុតគំរាម ដោយខុសច្បាប់។ បន្ថែមពីលើនេះ ក្រៅពីលោក ត្រាំ មនុស្ស ១៨នាក់ផ្សេងទៀតក្នុងនោះរួមមានលោក Mark Meadows ជាអតីតនាយខុទ្ទការល័យ សេតវិមាន និងមេធាវី២រូបរបស់លោក ត្រាំ គឺលោក Rudy Giuliani និងលោក John Eastman ក៏រងការចោទប្រកាន់ពីក្រុមរដ្ឋអាជ្ញាអាមេរិកដែរ៕