រុស្ស៉ី៖ មនុស្ស ២៧នាក់ស្លាប់ និង ៦៦នាក់រងរបួស ក្នុងហេតុការណ៍ផ្ទុះឆេះស្ថានីយប្រេងឥន្ធនៈ នៅតំបន់ Dagestan

(មូស្គូ)៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី បានរាយការណ៍នៅព្រឹកថ្ងៃអង្គារនេះថា ហេតុការណ៍ឆេះស្ថានីយប្រេងឥន្ធនៈមួយកន្លែង ក្នុងតំបន់ដាហ្គេស្តាន់ (Dagestan) នៅភាគខាងត្បូងប្រទេស បានបណ្តាលឲ្យមនុស្សចំនួន ២៧នាក់ស្លាប់ ក្នុងនោះរួមមានទាំងកុមារ ៣នាក់ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Interfax នៅថ្ងៃអង្គារ ទី១៥ ខែសីហា​ ឆ្នាំ២០២៣។

អគ្គីភ័យបានផ្តើមចេញពីហាងជួសជុលរថយន្តមួយកន្លែង នៅលើផ្លូវហាយវេក្នុងទីក្រុង ម៉ាកហាចកាឡា ( Makhachkala) នៃតំបន់ដាហ្គេស្តាន់ កាលពីយប់ ថ្ងៃចន្ទសប្តាហ៍នេះ ដោយបណ្តាលផ្ទុះរាលដាលដល់ស្ថានីយប្រេងឥន្ធនៈដែលនៅក្បែរនោះ។ ដោយដកស្រង់សម្តីរបស់អនុរដ្ឋមន្ត្រីសុខាភិបាលរុស្ស៉ី លោក វ្ល៉ាឌីមៀ ហ្វីសិនកូ (Vladimir Fisenko) ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RIA ក៏បានឲ្យដឹងដែរថា ចំនួនអ្នករងរបួសបានកើនឡើងដល់ ៦៦នាក់ ក្នុងនោះ ១០នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ក្នុងចំណោមអ្នករបួសមានកុមារចំនួន ១៣នាក់៕