(នីញ៉ាម៉េ)៖ មន្ត្រីការទូតជាន់ខ្ពស់ម្នាក់របស់សហរដ្ឋអាមេរិក បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសនីហ្សេ ដើម្បីជំរុញឱ្យមេដឹកនាំធ្វើរដ្ឋប្រហារស្ដារប្រជាធិបតេយ្យ ឡើងវិញ បន្ទាប់ពីពួកគេបានធ្វើរដ្ឋប្រហារទម្លាក់លោកប្រធានាធិបតី មហាំម៉ាត់ បាហ្សូម (Mohamed Bazoum) ចេញពីអំណាចកាលពីខែកក្កដាកន្លងទៅ។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៨ ខែសីហា ឆ្នាំ២០២៣។
លោកស្រី វ៉ិចតូរៀ នូលែន (Victoria Nuland) ជាអនុរដ្ឋមន្ត្រីការបរទេសអាមេរិកស្ដីទី បាននិយាយកាលពីថ្ងៃចន្ទសប្ដាហ៍នេះថាលោកស្រីមានកិច្ចពិភាក្សា ប្រកបដោយភាពស្មោះត្រង់ និងដ៏លំបាកជាមួយមេដឹកនាំយោធានីហ្សេ លោក មូសសា សាឡាអ៊ូ បាមូ (Moussa Salaou Barmou) និងវរសេនីយ៍ឯក៣រូបរបស់ លោក ក្នុងទីក្រុងនីញ៉ាម៉េ។ នេះគឺជាដំណើរទស្សនកិច្ចជាលើកដំបូងបំផុតរបស់មន្ត្រីអាមេរិកម្នាក់ទៅកាន់ប្រទេសនីហ្សេ ចាប់តាំងពីមានរដ្ឋប្រហារកាលពីថ្ងៃទី២៦ ខែកក្កដាមក។ ក៏ប៉ុន្តែ ការស្នើសុំរបស់លោកស្រី នូលែន ដើម្បីជួបជាមួយលោកប្រធានាធិបតី បាហ្សូម និងលោក អាប់ឌុលរ៉ស់ម៉ាន ឈីអានី (Abdourahmane Tchiani) ដែលបានប្រកាសតែងតាំងខ្លួនឯងជាប្រមុខរដ្ឋាភិបាលយោធាថ្មី ត្រូវបានបដិសេធ។