ជប៉ុន ត្រៀមខ្លួនរួចជាស្រេចរង់ចាំការមកដល់នៃខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំងរបស់ព្យុះទីហ្វុង Khanun

(តូក្យូ)៖ តំបន់ជាច្រើនរបស់ជប៉ុន ក្នុងនោះរួមមានទាំងតំបន់ភាគកណ្ដាល កំពុងត្រៀមខ្លួនរួចជាស្រេចរង់ចាំការមកដល់នៃព្យុះទីហ្វុង Khanun ដែលនឹងបក់បោក ទៅក្បែរតំបន់ភាគនិរតីនៃប្រទេស នៅថ្ងៃអង្គារនេះ ខណៈមន្ត្រីឧតុនិយមព្រមានពីការខូចខាតបង្កឡើងដោយសារខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំង។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៨ ខែសីហា ឆ្នាំ២០២៣។

ព្យុះទីហ្វុង Khanun កំពុងស្ថិតនៅចម្ងាយ១៦០គីឡូម៉ែត្រ ពីភាគឦសាននៃទីក្រុងអាម៉ាមិ (Amami) ស្ថិតនៅភាគនិរតីប្រទេសជប៉ុន និងកំពុងធ្វើដំណើរសន្សឹមៗ ឆ្ពោះទៅកាន់ភាគខាងជើង។ ទីភ្នាក់ងារឧតុនិយមជប៉ុនបានឱ្យដឹងទៀតថាបន្ទាប់ពីបានវាយប្រហារលើខេត្ត Nagasaki ភាគខាងលិចនៃប្រទេសជប៉ុន ព្យុះទីហ្វុង Khanun ត្រូវបានគេព្យាករថានឹងបក់បោកទៅកាន់តំបន់ឆ្នេរភាគខាងជើង ក្នុងដំណើរផ្លូវឆ្ពោះទៅកាន់កូរ៉េខាងត្បូង។ ព្យុះទីហ្វុង Khanun កំពុងថមថយចុះឥទ្ធិពល បន្តិចម្ដងៗ ប៉ុន្តែនៅតែមានកម្លាំងខ្យល់ក្នុងល្បឿន ១០៨គីឡូម៉ែត្រក្នុងមួយម៉ោង ឬអាចកើនដល់ ១៤៤គីឡូម៉ែត្រក្នុងមួយម៉ោង៕