(រីយ៉ាដ)៖ មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនម្នាក់ បាននិយាយថាកិច្ចពិភាក្សានៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាព បិទបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី ទទួលបានលទ្ធផលផ្លែផ្កា ប៉ុន្តែទីក្រុងមូស្គូបានហៅកិច្ចពិភាក្សានេះថាជាការប៉ុនប៉ងឥតប្រយោជន៍ ដើម្បីស្វែងរកការគំាទ្រពី បណ្ដាប្រទេសភាគខាងត្បូងនៃពិភពលោកសម្រាប់ទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៧ ខែសីហា ឆ្នាំ២០២៣។
ប្រទេសច្រើនជាង ៤០ ក្នុងនោះរួមមានទាំងចិន ឥណ្ឌា សហរដ្ឋអាមេរិក និងបណ្ដាប្រទេសអឺរ៉ុប លើកលែងរុស្ស៉ីចេញ បានចូលរួមក្នុងកិច្ចប្រជុំក្នុងទីក្រុង ជិតដាស់ (Jeddah) ដែលបានបិទបញ្ចប់កាលពីថ្ងៃអាទិត្យ ទី៦ ខែសីហា ចុងសប្ដាហ៍កន្លងទៅនេះ។ អ៊ុយក្រែន និងក្រុមប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួន បានហៅកិច្ចពិភាក្សានេះថាជាការប៉ុនប៉ងធានាឱ្យបាននូវការគាំទ្រយ៉ាងទូលំទូលាយពីអន្តរជាតិចំពោះគោលការណ៍ដែលទីក្រុងកៀវ ចង់បានជាមូលដ្ឋាននៃ កិច្ចព្រមព្រៀងសន្តិភាព ក្នុងនោះរួមមានទាំងការតម្រូវឱ្យកងទ័ពរុស្ស៉ីទាំងអស់ដកចេញពីទឹកដីរបស់អ៊ុយក្រែន និងប្រគល់ទឹកដីទាំងអស់របស់អ៊ុយក្រែន ឱ្យមកទីក្រុងកៀវគ្រប់គ្រងវិញ។
លោក ហ្សេលេនស្គីវិញ ក៏ធ្លាប់បានបញ្ជាក់ដែរថាលោកចង់កិច្ចពិភាក្សាជាសកលស្តីពីសន្តិភាព ត្រូវធ្វើឡើងក្នុងឆ្នាំ២០២៣នេះ ដោយផ្អែកលើគោលការណ៍ ទាំងនេះដែរ។ បើតាមក្រសួងប្រព័ន្ធផ្សព្វផ្សាយរបស់អារ៉ាប៊ីសាអូឌីត ភាគីដែលចូលរួមក្នុងកិច្ចពិភាក្សានៅទីក្រុងជិតដាស់ បានឯកភាពគ្នាលើសារៈសំខាន់ នៃការបន្តកិច្ចពិភាក្សាពិគ្រោះយោបល់ ដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅរកសន្តិភាព ហើយក្រុមមន្ត្រីអឺរ៉ុបវិញបាននិយាយថា អ្នកចូលរួមមានផែនការបង្កើត ក្រុមការងារមួយ ដើម្បីដោះស្រាយបញ្ហាជាក់លាក់បង្កឡើងដោយសង្រ្គាម។ ដោយឡែក ថ្លែងប្រាប់អ្នកសារព័ត៌មានពីកិច្ចពិភាក្សានេះដែរ ប្រធានខុទ្ទការល័យលោកប្រធានាធិបតី ហ្សេលេនស្គី គឺលោក អាន់ទ្រី យឺម៉ាក់ (Andriy Yermak) បានគូសបញ្ជាក់ដូច្នេះថា «យើងមាន ការពិគ្រោះយោបល់ប្រកបដោយលទ្ធផលផ្លែផ្កា ស្ដីពីគោលការណ៍គន្លឹះដែលជាមូលដ្ឋាននៃសន្តិភាពយូរអង្វែង»។
ក៏ប៉ុន្តែ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ រីយ៉ាប់កូវ (Sergei Ryabkov) ត្រូវបានដកស្រង់សម្ដីដោយប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ីកាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅ ដោយនិយាយថាកិច្ចពិភាក្សាក្នុងទីក្រុងជិតដាស់បានឆ្លុះបញ្ចាំងពីការប៉ុនប៉ងរបស់លោកខាងលិចដើម្បីបន្តកិច្ចប្រឹងប្រែងឥតប្រយោជន៍ សំដៅតែស្វែងរកការគំាទ្រពីបណ្ដាប្រទេសភាគខាងត្បូងនៃពិភពលោកសម្រាប់ទីក្រុងកៀវតែប៉ុណ្ណោះ៕