ទីក្រុងកៀវបង្ហើបឱ្យដឹងថា អារ៉ាប៊ីសាអូឌីតកំពុងត្រៀមរៀបចំ កិច្ចប្រជុំស្តីពីសន្តិភាពអ៊ុយក្រែន

(កៀវ)៖ មន្រ្តីជាន់ខ្ពស់មួយរូបនៅទីក្រុងកៀវ បានបានបង្ហើបឱ្យដឹងថា អារ៉ាប៊ីសាអូឌីតកំពុងតែត្រៀមលក្ខណៈ ដើម្បីធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំមួយ ដែលនឹងពិភាក្សាអំពីផែនការរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្រោមគោលដៅស្វែងរកសន្តិភាពនៅប្រទេសរបស់​លោក ចំពោះមុខសង្រ្គាមឈ្លានពានរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០២៣។

លោក អាន់ឌ្រៃ យើម៉ាក (Andriy Yermak) ដែលជាប្រធានខុទ្ទកាល័យរបស់លោក ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមមន្រ្តីមកពីប្រទេសមួយចំនួន នឹងចូលរួមក្នុងកិច្ចប្រជុំនៅអារ៉ាប៊ីសាអូឌីត ប៉ុន្តែលោកមិនបានបញ្ជាក់ច្បាស់អំពីពេលវេលា ឬទីក្រុងដែល​កិច្ចប្រជុំនឹងត្រូវរៀបចំឡើងនោះឡើយ។

ដោយឡែក បើតាមកាសែតអាមេរិក​ The Wall Street Journal កិច្ចប្រជុំខាងលើ នឹងប្រព្រឹត្តទៅនាថ្ងៃទី៥​-៦ ខែសីហា ក្នុងទីក្រុងចេដដា (Jeddah) ហើយប្រទេសប្រហែល៣០ រួមមានឈីលី អេហ្ស៉ីប សហភាពអឺរ៉ុប ឥណ្ឌូណេស៉ី ម៉ិកស៉ិក ប៉ូឡូញូ ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសំប៊ី ជាដើម គឺនឹងចូលរួម។ បើយោងតាមទីភ្នាក់ងារព័ត៌មាន​ AP រុស្ស៉ីមិនត្រូវបានអញ្ជើញឱ្យចូលរួមទេ៕