អាជ្ញាធរហ្វីលីពីននឹងបើកការស៉ើបអង្កេត ក្រោយករណីលិចទូកផ្ទុកមនុស្សលើសចំណុះ ដែលបណ្តាលឱ្យ២៦នាក់ស្លាប់

 (ម៉ានីល)៖​  តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ​AFP នៅថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០២៣ បញ្ជាក់ថា ឆ្មាំសមុទ្រហ្វីលីពីននៅថ្ងៃសុក្រនេះ បានឱ្យដឹងថា ខ្លួននឹងបើកការស៉ើប អង្កេតលើមូលហេតុអ្វី បានជាទូកដឹកអ្នកដំណើរ១គ្រឿង ដែលលិចនៅបឹងមួយក្បែររដ្ឋធានីម៉ានីល ហើយផ្តាច់ជីវិតមនុស្សយ៉ាងហោច២៦នាក់​ ត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរទាំងក្នុងស្ថានភាពផ្ទុក​មនុស្សលើសចំណុះ។

បន្ទាប់ពីទូកនោះបានលិច ពេលកំពុងមានខ្យល់បោកបក់ខ្លាំងក្លា អាជ្ញាធរហ្វីលីពីនជួយសង្រ្គោះ មនុស្សបាន៤០នាក់ កាលពីថ្ងៃព្រហស្បតិ៍ ដែលមានន័យថា វាផ្ទុកអ្នកដំណើរហួសពីចំនួនដែលអាច ដឹកបានដោយសុវត្ថិភាព។ បើតាមឆ្មាំសមុទ្រហ្វីលីពីន ទូកខាងលើមានសមត្ថភាព​ដឹកអ្នកដំណើរ បានត្រឹមខ្ទង់៤០នាក់ប៉ុណ្ណោះ ដោយសុវត្ថិភាព។ មកទល់ពេលនេះ នៅតែមិនច្បាស់នោះទេថា មនុស្សប៉ុន្មាននាក់ឱ្យប្រាកដ ដែលត្រូវបានអនុញ្ញាតឱ្យឡើងលើទូក ខណៈបញ្ជីអ្នកដំណើរបង្ហាញ ឈ្មោះ មនុស្សតែ២២នាក់៕