រាជរដ្ឋាភិបាល​នឹង​ពិភាក្សា​រៀបចំ​សេចក្តីព្រាងច្បាប់ ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ននៅថ្ងៃស្អែក

ភ្នំពេញ ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី៣០ ខែ មីនានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាល នឹងចាប់ផ្ដើមពិភាក្សារៀបចំសេចក្តីព្រាងច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន តាមរយៈកិច្ចប្រជុំអន្តរក្រសួងនៅថ្ងៃទី៣១ ខែមីនាស្អែកនេះ។

បន្ទាប់ពីពិភាក្សាក្នុងកម្រិតអន្តរក្រសួងហើយ សេចក្តីព្រាងច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ននេះ នឹងត្រូវដាក់ចូលក្នុងកិច្ចប្រជុំ គណៈរដ្ឋមន្រ្តី នៅថ្ងៃទី៣ ខែមេសាខាងមុខនេះ ​មុន​ពេល​បញ្ជូនទៅស្នើសុំ​ព្រះហស្ថលេខា​ពី​ ព្រះ​មហាក្សត្រនៃកម្ពុជា។

គួរកត់សម្គាល់ថា ការរៀបចំសេចក្តីព្រាងច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ននេះ បានធ្វើឡើង​ខណៈដែលការឆ្លងមេរោគកូវីដ១៩ បន្តកើនឡើងជាបន្តបន្ទាប់ក្នុងប្រទេសកម្ពុជា ក្នុងនោះបើ​គិតត្រឹមថ្ងៃទី ៣០ ខែមីនានេះ មានចំនួនសរុប ១០៧នាក់ហើយ។ ដោយឡែក ប្រទេសក្នុងតំបន់ ភាគច្រើន ក៏បានដាក់ប្រទេសក្នុងគ្រាអាសន្នផងដែរ ដូចជា វៀតណាម និងថៃ ជាដើម ខណៈ ដែលប្រទេសឡាវ ក៏បានប្រកាសបិទប្រទេសរបស់ខ្លួន នៅថ្ងៃទី ៣០ ខែមីនានេះដែរ៕