(កំពង់ចាម)៖ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ បេក្ខជនតំណាង រាស្រ្តខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ បានថ្លែងថា មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលបានជួយសង្រ្គោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ និងក្រាញននាល រួមសុខទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ មិនដែលរត់ចោលប្រជាជនកម្ពុជាម្ដងណាឡើយ។
ក្នុងឱកាសដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចុះផ្សព្វផ្សាយកម្មវិធីនយោបាយ របស់គណបក្សប្រជាជនកម្ពុជា និងបង្ហាញអំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដល់សមាជិក សមាជិកាគណបក្សនៅស្នាក់ការគណបក្សឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម ក្នុងថ្ងៃទី៤ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ឯកឧត្តម ប៉ាន សូរស័ក្តិ បានរំឮកពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំ របស់ សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវភាពរីកចម្រើននៅទូទាំងប្រទេស។ ជាពិសេសក្នុងមូលដ្ឋានស្រុកបាធាយផ្ទាល់ បាននាំមកនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្ដាញទឹកស្អាត អណ្ដូងទឹក ភ្លើងអគ្គិសនី ប្រព័ន្ធព័ត៌មាន រោងចក្រកសិដ្ឋាន សំណង់តូចធំ មណ្ឌលពាណិជ្ជកម្ម សាលារៀន មន្ទីរពេទ្យ វត្តអារាម។ល។ ដែលជាសក្ខីភាពមួយបង្ហាញថា ព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងធ្វើដំណើរទៅមុខលើមាគ៌ា ដ៏ត្រឹមត្រូវ ប្រកបដោយក្តីសង្ឃឹមជឿជាក់ តាមរយៈការចូលរួមរបស់ប្រជាជនកម្ពុជាគ្រប់ៗគ្នា។
បេក្ខជនតំណាងរាស្រ្តខេត្តកំពង់ចាមរូបនេះ បន្ថែមថា សមិទ្ធផលទាំងនេះ សុទ្ធតែបានមកពីផ្លែផ្កា នៃសន្តិភាព ដោយការយកអាយុជីវិតធ្វើជាដើមទុន និងពលិកម្មដ៏ធំធេងរបស់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស។
«យើងទាំងអស់គ្នាដែលជាកូនចៅជំនាន់ក្រោយ នឹងចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លានេះ និង ប្តេជ្ញាចិត្តចូលរួមក្នុងការការពារសន្តិភាពឱ្យរឹងមាំស្ថិតស្ថេរគង់វង្សជានិច្ច តាមរយៈការទៅចូលរួម បោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ហើយត្រូវបោះ ឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ និងមានរូបសញ្ញាទេវតាបាចផ្កាជា សម្គាល់ ដើម្បីរក្សាសុខសន្តិភាព ការអភិវឌ្ឍ និងភាពរីកចម្រើនបន្តទៀត។ សូមបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជា បេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត»។ នេះជាការលើកឡើងរបស់លោក ប៉ាន សូរស័ក្តិ ទៅកាន់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះបេក្ខជនតំណាងរាស្រ្ត បានអាន និងពន្យល់អំពីខ្លឹមសាររបស់កម្មវិធីនយោបាយរបស់ គណបក្សប្រជាជនកម្ពុជា ដែលនឹងក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងការដាក់ចេញនូវកម្មវិធីគោលនយោបាយជាអាទិភាពចំនួន ៦ចំណុច នៅក្នុងកម្មវិធី នយោបាយនេះ ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងបានធ្វើការបង្ហាញជូនអំពីរបៀបគូស សន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ផងដែរ៕