(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ នេះ បានដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរខណ្ឌទួលគោក ចុះធ្វើការបោសសំអាត និងបាញ់ទឹកលាង តាមដងផ្លូវម៉ៅសេទុង ក្នុងភូមិសាស្ត្រខណ្ឌទួលគោក ក្រោយពីទទួលរងការលិចលង់ដោយជំនន់ទឹក ភ្លៀងយ៉ាងខ្លាំង កាលពីព្រលប់ម្សិលមិញ។
ឯកឧត្តម ឃួង ស្រេង បានធ្វើការណែនាំឲ្យមន្ទីរសាធារណការដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញា ធរខណ្ឌ ធ្វើការបោស និងបាញ់ទឹកលាងសម្អាតឲ្យស្អាត នៅតាមបណ្ដោយផ្លូវមួយចំនួន ដែល ទទួលរងការលិចលង់ កាលពីយប់មិញ ដូចជាផ្លូវម៉ៅសេទុង ផ្លូវកម្ពុជាក្រោម ផ្លូវ២០០៤ និង បណ្តាលផ្លូវមួយចំនួនទៀត សំខាន់គឺសម្អាតឲ្យបានស្អាតក្នុងថ្ងៃនេះតែម្តង ដើម្បីឲ្យរាជធានីភ្នំពេញ មានអនាម័យស្អាត បរិស្ថានល្អ ដូចធម្មតាឡើងវិញ។
ជាមួយគ្នានេះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យ ដឹងថា កាលពីព្រលប់ និងយប់ថ្ងៃទី០៣ ខែកក្កដា ម្សិលមិញភ្លៀងបានបង្អុលឡើងយ៉ាងខ្លាំង ដែល ជាកម្ពស់ទឹកភ្លៀងខ្ពស់ខ្លាំងមិនធ្លាប់មាន ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ដោយកំពស់ទឹកមាន រហូតដល់១៥៣ មីលីម៉ែត្រ (វាស់នៅស្ថានីយ៍បឹងត្របែក) ដែលបានធ្វើឲ្យតំបន់មួយចំនួនក្នុងរាជ ធានីភ្នំពេញ បានទទួលរងការលិចលង់។ ប៉ុន្តែទោះបីជាយ៉ាងក្តី ក្រោយពីមានការណែនាំពីឯកឧត្តម ឃួង ស្រេង ក្រុមការងារនៃមន្ទីរសាធារណការដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រើប្រាស់មន្ត្រី និង កម្មករទាំងអស់ដើម្បីធ្វើយ៉ាងណាឲ្យទឹកបានស្រកអស់ពីផ្លូវ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ជូន ប្រជាពលរដ្ឋ។
លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៤ ខែកក្កដានេះ ដោយមានការណែនាំ និងចុះ ពិនិត្យដោយផ្ទាល់ នៅលើបណ្តោយផ្លូវម៉ៅសេទុង ឯកឧត្តម ឃួង ស្រេង បានជំរុញឲ្យមន្ទីរសាធា រណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ប្រើប្រាស់កម្មករទាំងអស់ ជាមួយនឹងការប្រើប្រាស់រថយន្ត បាញ់ទឹក ចំនួន១៨គ្រឿង ដើម្បីលាងសម្អាតតាមបណ្ដោយផ្លូវម៉ៅសុទុង ក៏ដូចជាផ្លូវកម្ពុជាក្រោម និងបណ្តា ផ្លូវមួយចំនួនទៀតដែលមានកាកសំណល់ភក់ និងសំរាមនៅលើទ្រូងផ្លូវ។
លោកអះអាងថា ទន្ទឹមនឹងកម្រិតទុកភ្លៀងខ្លាំង រហូតដល់កំពស់១៥៣មីលីម៉ែត្រនេះ ស្ថានីយ៍បូម ទឹកមានសមត្ថភាពបូមទឹក បានខ្លាំងជាងមុន៣ដងនោះ បានធ្វើសកម្មភាពបូមទឹកទាំងយប់ ដែល បានធ្វើឲ្យតំបន់មួយចំនួនបានស្រកចុះទៅវិញលឿន។ ក្នុងនោះផ្លូវកម្ពុជាក្រោម បានស្របអស់ នៅម៉ោង១២យប់ ផ្លូវ២០០៤ បានស្រកអស់នៅម៉ោង១យប់ និងផ្លូវម៉ៅសេទុងនេះ បានស្រកអស់ នៅម៉ោងប្រមាណ៣ភ្លឺ។
ដោយឡែកនៅព្រឹកថ្ងៃដដែលនេះ តំបន់មួយចំនួននៅបឹងទំពន់ គឺបាននិងកំពុងទទួលរងការលិច លង់នៅឡើយ ព្រោះតំបន់នោះទាបជាងគេ។ ប៉ុន្តែទោះបីយ៉ាងណាក្តី ក្រោមការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ ពីអាជ្ញាធររាជធានី នៅម៉ោង១១ ឬ១២ថ្ងៃនេះ ទឹក និងអាចច្រកចុះអស់ពី តំបន់ទាំងនោះហើយ៕