(វ៉ាស៉ីនតោន)៖ យោងតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃអង្គារ ទី៤ ខែកក្កដា ឆ្នាំ២០២៣ គឺ ស្ថានទូតរុស្ស៉ីប្រចាំសហរដ្ឋអាមេរិក បានឲ្យដឹងនៅថ្ងៃអង្គារនេះថា លោក វ្ល៉ាឌីមៀ ឌូណាអេវ (Vladimir Dunaev) ជាជនជាតិរុស្ស៉ីដែលកំពុងជាប់ ឃុំបណ្តោះអាសន្ន ក្នុង រដ្ឋអូហាយយ៉ូ (Ohio) សហរដ្ឋអាមេរិក ក្រោមការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មតាមអ៉ីនធឺណិត បានជួបបុគ្គលិករបស់ស្ថានទូតរុស្ស៉ី ជាលើកដំបូង។
ក្រសួងយុត្តិធម៌អាមេរិក បានឲ្យដឹងក្រោយការធ្វើបត្យាប័នឆ្នាំ២០២១ ពីកូរ៉េខាងត្បូងទៅកាន់រដ្ឋ Ohio ថា លោក ឌូណាអេវ គឺជាសមាជិកនៃអង្គការឧក្រិដ្ឋកម្ម តាមអ៉ីនធឺណិតមួយ ជាអ្នកនៅពី ក្រោយការបង្កើតវីរុសកុំព្យូទ័រឈ្មោះ Trickbot។ អ្នកនាង ណាដេសដា ស៊ូមូវ៉ា (Nadezhda Shumova) ជាប្រធានផ្នែកកុងស៊ុល ប្រចាំស្ថានទូត បានប្រាប់សារព័ត៌មាន TASS ដូច្នេះថា «ជនរួមជាតិរុស្ស៉ី (លោក ឌូណាអេវ) មិនចាត់ទុកខ្លួនឯងថាមានកំហុសទេ ហើយលោកក៏មិនមាន បំណង ចុះហត្ថលេខាលើការសារភាព ជាមួយនិងការិយាល័យរដ្ឋអាជ្ញានោះដែរ។ លោកនឹងតស៊ូ ដើម្បីយុត្តិធម៌ដល់ទីបញ្ចប់»៕