រុស្ស៉ីចោទថៅកែក្រុមទាហានស៉ីឈ្នួល Wagner ថាញុះញង់ឱ្យមានការបះបោរប្រដាប់អាវុធ ខណៈសន្តិសុខនៅទីក្រុងមូស្គូ ត្រូវបានរឹតបន្តឹង


(មូស្គូ)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ទីក្រុងមូស្គូបានចោទថា លោក យេវហ្គេនី ព្រីហ្គោហ្ស៉ីន (Yevgeny Prigozhin) ដែលជាប្រធានក្រុមហ៊ុនទាហានស៉ីឈ្នួលរុស្ស៉ី Wagner បាននិងកំពុងញុះញង់ឱ្យមានការប៉ះបោរប្រដាប់អាវុធ បន្ទាប់ពីរូបលោកបានប្រកាសចង់​ទម្លាក់និងដាក់ពិន័យថ្នាក់ដឹកនាំយោធារុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៣។

នៅថ្ងៃសៅរ៍នេះវិញ លោក ព្រីហ្គោហ្ស៉ីន បាននិយាយថា ក្រុមអ្នកប្រយុទ្ធ Wagner ខ្ទង់២៥,០០០នាក់ បានឆ្លងពីអ៊ុយក្រែនចូលក្នុងប្រទេសរុស្ស៉ី នៅឯទីក្រុងរ៉ូស្តូវ (Rostov) ភាគខាងត្បូង ដើម្បីឆ្ពោះទៅស្វែងរកយុត្តិធម៌នៅទីក្រុងមូស្គូ ហើយលោកបានព្រមានកម្ចាត់ប៉ុស្តិ៍ត្រួតពិនិត្យ ឬកងកម្លាំង​ទ័ពអាកាសរុស្ស៉ីណាមួយ ដែលព្យាយាមមករារាំងការធ្វើដំណើររបស់ក្រុមលោក។ យ៉ាងណាមិញ លោក ព្រីហ្គោហ្ស៉ីន បានអះអាងថា សកម្មភាព​របស់លោកនេះ មិនមែនជាការប៉ុនប៉ងធ្វើរដ្ឋប្រហារទេ។

ចំណែកអ្នកនាំពាក្យវិមានក្រឹមឡាំង​ លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បាននិយាយថា ទីភ្នាក់ងារផ្នែកសន្តិសុខចម្បងៗទាំងអស់របស់រុស្ស៉ី បាននិងកំពុងរាយការណ៍ព័ត៌មានជាប់ ប្រាប់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ពាក់ព័ន្ធជាមួយនឹងសកម្មភាពរបស់ថៅកែក្រុម Wagner ហើយសន្តិសុខត្រូវបានរឹងបន្តឹងខ្លាំងក្នុងរដ្ឋធានីមូស្គូ ជាពិសេសនៅទីតាំងនិង​ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់រដ្ឋាភិបាល៕