(មូស្គូ)៖ ប្រទេសរុស្ស៊ីបានជំរុញឱ្យទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ដើម្បីធានាថា អ៊ុយក្រែននឹងមិនទម្លាក់គ្រាប់បែកលើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣។
លោក Alexey Likhachev នាយកប្រតិបត្តិ នៃក្រុមហ៊ុនថាមពលនុយក្លេអ៊ែររដ្ឋ Rosatom របស់រុស្ស៊ីបានធ្វើការកត់សម្គាល់បែបនេះ ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) លោក Rafael Grossi នៅទីក្រុង Kaliningrad នៃប្រទេសរុស្ស៊ីកាលពីសប្តាហ៍មុន។
លោកបាននិយាយយ៉ាងដូច្នេះថា «យើងរំពឹងថា នឹងមានជំហានជាក់ស្តែងពីទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ក្នុងគោលបំណងការពារការវាយប្រហារដោយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ទាំងនៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia និងនៅតំបន់ជំវិញ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ»។
ទីភ្នាក់ងារ IAEA បាននិយាយនៅសប្តាហ៍នេះថា រោងចក្រ Zaporizhzhia «កំពុងប្រឈមមុខនឹងបញ្ហាទាក់ទងនឹងទឹក» បន្ទាប់ពីការបំផ្លិចបំផ្លាញទំនប់ Kakhovka បានបញ្ចេញចោលនូវអាងស្តុកទឹកដ៏ធំនៅលើច្រាំងខាងត្បូង ដែលរោងចក្រនេះស្ថិតនៅ។
របាយការណ៍ក៏បាននិយាយផងដែរថា ភាពតានតឹងផ្នែកយោធានៅក្នុងតំបន់បានកើនឡើង ខណៈពេលដែលទីក្រុងគៀវ បានចាប់ផ្តើមការវាយបកប្រឆាំងនឹងកងកម្លាំងរុស្ស៊ី ដែលគ្រប់គ្រងតំបន់ដ៏ធំនៃភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន៕