ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបកម្មករជិត២ម៉ឺននាក់ នៅពហុកីឡដ្ឋានជាតិមរតក តេជោ


 (ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ៧កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃ ទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្តជួបសំណេះ សំណាលជាមួយកម្មករ និយោ​ជិតប្រមាណ ១៩,០០៤នាក់ មកពីរោងចក្រសហគ្រាចំនួន១៣។ ជំនួបសំណេះ​សំណាល​​នឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ។

លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យ​ដឹង​ថា រោងចក្រ សហគ្រាទាំង១៣ ដែលអនុញ្ញាតឱ្យកម្មករ និយោជិតចូល​រួម​ក្នុងពិធីសំណេះសំណាលនេះ មក ពីស្រុកមុខកំពូល ខេត្តកណ្តាលចំនួន៣ និងរាជធានីភ្នំពេញចំនួន១០ (ខណ្ឌឫស្សីកែវចំនួន៨, ខណ្ឌជ្រោយចង្វារ​ចំនួន​១ និងខណ្ឌពោធិ៍សែនជ័យចំនួន១)។

លោករដ្ឋមន្ត្រី បានឱ្យដឹងផងដែរថា រោងចក្រ សហគ្រាសទាំង១៣នេះ មានរោងចក្រកាត់ដេរ ចំនួន១០ ផលិតផលិតផលធ្វើដំណើរ និងកាបូបចំនួន២ និងផលិតស្បែកជើងចំនួន១។ ផលិតផលរោងចក្រ សហគ្រាសទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដូចជាសហ គមន៍អឺរ៉ុប សហរដ្ឋអាមេរិក ចិន និងអូស្ត្រាលីជាដើម។

យោងតាមការបញ្ជាក់របស់លោក អ៉ិត សំហេង រាជធានីភ្នំពេញ និងខេត្ត​កណ្តាល គឺជាតំបន់ដែល មានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើន បានរួមចំណែកផ្តល់ការងារជាច្រើនកន្លែងសម្រាប់ ប្រជាពលរដ្ឋ និងគាំទ្រដល់សេដ្ឋកិច្ចជាតិ។ នៅឆ្នាំ២០២៣នេះ រាជធានីភ្នំពេញ មានរោងចក្រ សហគ្រាសចំនួន៩,៣១៤ មានកម្មករ និយោជិតជាង ៦៦ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលមធ្យ មប្រមាណ ២ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ក្នុងនោះ រោងចក្រ សហគ្រាសវិស័យកាត់ដេរ ចំនួន ៧២៧ មានកម្មករ និយោជិតប្រមាណ ៣៤ម៉ឺននាក់ មានប្រាក់ឈ្នួលមធ្យមសរុបប្រមាណ ១.១ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

ដោយឡែកនៅខេត្តកណ្តាលវិញ នៅឆ្នាំ២០២៣នេះ មានរោងចក្រ សហគ្រាសចំនួន៤៨៣ មាន កម្មករ និយោជិតប្រមាណ ១៥ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបប្រមាណ ៤៧៣លាន ដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រ សហគ្រាសក្នុងវិស័យកាត់ដេរមានចំនួន១៧១ មានកម្មករ និយោជិតសរុបជាង ១៣ម៉ឺន ២ពាន់នាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណ ៤១១ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

សូមរំលឹកថា កាលពីឆ្នាំ២០១៧ សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់កម្មវិធីចុះ​ជួប​សំណេះ សំណាលជាមួយកម្មករ កម្មការិនីតាមរោងចក្រ សហគ្រាសនានានៅទូទាំង​ប្រទេស។ ការចុះជួបដោយផ្ទាល់ជាមួយកម្មករ កម្មការិនីតាមរោងចក្រ សហគ្រាស​នេះ សម្តេចតេជោ មាន គោលដៅស្វែងយល់ពីសុខទុក្ខរបស់កម្មករ កម្មការិនី ហើយ​ឆ្លើយតបនូវតម្រូវការរបស់ពួកគេ។ គោលដៅពិសេសនោះ សម្តេចតេជោ ចង់បង្កើតឱ្យ​មានភាពសុខដុមនៅតាមរោងចក្រ សហគ្រាស តែម្តង ដើម្បីធានាភាពប្រសើរនៃច្រវាក់​ផ​​លិតកម្មកាត់ដេរ និងវេយណភណ្ឌនៅកម្ពុជា។

ដំណើរចុះជួបកម្មករ កម្មការិនីជុំទី១ ចាប់តាំងពីថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០​១៧ ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ សម្តេចតេជោ បានជួប​សំណេះសំណាល​ជាមួយកម្មករ និយោជិតចំនួន ៧៧លើក ដែលមានកម្មករនិយោជិត​ចំនួន​ប្រមាណ ១លាននាក់។

ជំនួបក្នុងជុំទី១ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍គន្លឹះ ១០ចំណុច ដែល​បាន សម្រួលដល់បរិយាកាសវិនិយោគ, ផ្តល់នូវការលើកកម្ពស់សិទ្ធិ អត្ថប្រយោ​ជ​ន៍ និងកិច្ចគាំពារ សង្គមយ៉ាងច្រើនដល់បងប្អូនកម្មករនិយោជិត ហើយដែលក្រសួង​ការ​ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងសហការជាមួយក្រសួង ស្ថាប័នអនុវត្ត​បានជោគជ័យ។

បន្ទាប់ពីបានខកខានជាច្រើនឆ្នាំដោយសារការរាតត្បាតនៃជំងឺកូវីដ១៩នោះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញកម្មវិធីចុះជួបកម្មករ កម្មការិនីជុំទី២ ដោយចាប់ផ្តើមនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣កន្លងទៅនេះ។

ជំនួបថ្ងៃនេះ គឺជាជំនួបលើកទី១៤ហើយ សម្រាប់ជុំទី២នេះ។ ជំនួប ១៤លើក នេះ មានកម្មករ និយោជិតចូលរួមសរុប​​ប្រមាណ ២៤ម៉ឺន ៦ពាន់នាក់។ សម្តេចតេជោ គ្រោងជួបចំនួន៥លើកទៀត ដែល​នឹង​ជួបកម្មករនិយោជិតសរុបប្រមាណ ៨នាក់បន្ថែមទៀត។

ក្នុងជំនួបជាមួយកម្មករ កម្មការិនីជុំទី២ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ សម្ដេច​តេជោ បានប្រកាសអនុវត្តកម្មវិធីចាស់ សកម្មភាពថ្មី និងបន្ថែមវិសាល​ភាព​ដល់​កម្ម​ការិនី ដែល មានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំផងដែរ។

ឧស្សាហកម្មកាត់ដេរ គឺជាចំណែកមួយដ៏សំខាន់ជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ និង​ផ្តល់​ការងារ ជូនប្រជាពលរដ្ឋ។ ក្រោមគោលនយោបាយប្រកបដោយសក្តានុពល​របស់​រាជ​រដ្ឋាភិបាល បានធ្វើឱ្យ ឧស្សាហកម្មកាត់ដេរមានកំណើនជាបន្តបន្ទាប់។

របាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅឆ្នាំ១៩៩៧ រោង ចក្រ សហគ្រាសវិស័យកាត់ដេរនៅកម្ពុជា មានចំនួនត្រឹមតែ៦៤ មានកម្មករ និយោជិតប្រមាណ ៨ម៉ឺននាក់ ការនាំចេញមានចំនួនប្រមាណ ២២៧លានដុល្លារអាមេរិកប៉ុណ្ណោះ។

នៅឆ្នាំ២០២៣ រោងចក្រ សហគ្រាសក្នុងវិស័យកាត់ដេរ បានកើនដល់ចំនួន១,៣២៦ មានកម្មករ និយោជិតប្រមាណ ៨៤ម៉ឺននាក់ (ស្រី ៦៦ម៉ឺននាក់)។ ការនាំចេញមាន​រហូត​ដល់​ទៅ ១៣ពាន់លាន ដុល្លារអាមេរិក។ តាមរយៈការងារក្នុងវិស័យកាត់ដេរនេះ បានធ្វើឱ្យប្រជាពលរដ្ឋធានាបាននូវប្រាក់ ចំណូលប្រចាំខែ និងមានជីវភាពកាន់តែល្អប្រសើរ៕