(យូអិន)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣បញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អង្គការសហប្រជាជាតិ (UN) បានកត់ឈ្មោះកងកម្លាំងយោធារបស់ប្រទេសរុស្ស៉ី ចូលទៅក្នុងបញ្ជីខ្មៅអន្តរជាតិរបស់ខ្លួន សម្រាប់ការធ្វើឱ្យកុមារសរុបរាប់រយនាក់បាត់បង់ជីវិតនិងពិការ ក្នុងសង្រ្គាមនៅអ៊ុយក្រែនកាលពីឆ្នាំ២០២២។
ក្នុងរបាយការណ៍ប្រចាំឆ្នាំស្តីពីការប្រព្រឹត្តទង្វើទៅលើកុមារ នៅតាមតំបន់ដែលមានសង្រ្គាម UN បានផ្ទៀងផ្ទាត់ឃើញថា កងកម្លាំងយោធារបស់រុស្ស៉ី ហើយនិងក្រុមប្រដាប់អាវុធដទៃទៀតដែលជាសម្ព័ន្ធមិត្ត បានសម្លាប់កុមារចំនួន១៣៦នាក់ បង្កឱ្យពិការ៥១៨នាក់ ហើយបានធ្វើសកម្មភាពវាយប្រហារចំនួន៤៨០លើក ទៅលើសាលារៀននិងមន្ទីរពេទ្យ កាលពីឆ្នាំ២០២២។ មិនតែប៉ុណ្ណោះ កងកម្លាំងយោធារុស្ស៉ី ក៏បានយកកុមារ៩១នាក់ ធ្វើជាខែលការពារខ្លួនថែមទៀតផង។ របាយការណ៍ដដែល ក៏បានផ្ទៀងផ្ទាត់ឃើញផងដែរថា កងកម្លាំងយោធារបស់អ៊ុយក្រែន បានសម្លាប់កុមារ៨០នាក់ បង្កឱ្យពិការ១៧៥នាក់ ហើយធ្វើសកម្មភាពវាយប្រហារ២១២លើក លើសាលានិងមន្ទីរពេទ្យ ប៉ុន្តែយោធាអ៊ុយក្រែន មិនត្រូវបានកត់ឈ្មោះចូលបញ្ជីខ្មៅរបស់ UN ទេ។
នៅក្នុងរបាយការណ៍នោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតឺរេស (Antonio Guterres) បាននិយាយថា រូបលោកមានអារម្មណ៍តក់ស្លុតជាខ្លាំង ដោយសារចំនួនដ៏ខ្ពស់ នៃកុមារដែលត្រូវបានសម្លាប់និងជួបពិការភាព ព្រមទាំងចំនួននៃការវាយប្រហារលើសាលារៀននិងមន្ទីរពេទ្យ ធ្វើឡើងដោយកងកម្លាំងប្រដាប់អាវុធរុស្ស៉ី ហើយទន្ទឹមគ្នាលោកក៏មិនស្រួលក្នុងចិត្តផងដែរ អំពីតួលេខខ្ពស់គួរសមមួយ នៃបទល្មើសទាំងនេះ ដែលត្រូវបានប្រព្រឹត្តប្រឆាំងនឹងកុមារ ក្រោមស្នាដៃកងកម្លាំងយោធាអ៊ុយក្រែន៕