រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសជ័យលាភីផលិតខ្សែវីដេអូខ្លីក្រោមប្រធានបទ «ឆ្នេរស្អាត បរិស្ថានល្អ ទេសចររីករាយ» ក្នុងន័យលើកកម្ពស់អនាម័យបរិស្ថាន


 (ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសលទ្ធផលជ័យលាភីផលិតខ្សែវីដេអូខ្លីក្រោមប្រធានបទ «ឆ្នេរស្អាត បរិស្ថានល្អ ទេសចររីករាយ» ក្នុងន័យលើកកម្ពស់អនាម័យបរិស្ថាន ក្រោមអធិបតីភាពលោក វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។

ពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្ត និងប្រធានគណៈកម្មការរៀបចំការប្រឡងប្រណាំងវីដេអូអប់រំខ្លី បានរាយការណ៍ថា កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តព្រះសីហនុបានចេញសេចក្ដីជូនដំណឹងលេខ១៣១/២៣សជណ ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ស្តីពីការប្រកួតជ្រើសរើសជ័យលាភីផលិតខ្សែវីដេអូខ្លីក្នុងន័យលើកកម្ពស់អនាម័យបរិស្ថាន ក្រោមប្រធានបទ «ឆ្នេរស្អាត បរិស្ថានល្អ ទេសចររីករាយ» រហូតមកដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ក្រុមការងាររដ្ឋបាលខេត្តបានទទួលនូវខ្សែវីដេអូចូលរួមប្រកួតប្រជែងពីសាធារណជនសរុបចំនួន២០ក្រុម។

ក្រោយមក ក្រុមការងាររដ្ឋបាលខេត្តបានប្រជុំពិនិត្យលើខ្លឹមសារ រូបភាព សកម្មភាពរបស់ខ្សែវីដេអូនីមួយៗតាមលក្ខខណ្ឌដែលបានកំណត់ក្រុមការងារបានសម្រេចជ្រើសរើសខ្សែវីដេអូចំនួន២០ យកទៅផ្សព្វផ្សាយប្រកួតប្រជែងក្នុងផេកផ្លូវការរបស់រដ្ឋបាលខេត្ត ដើម្បីជូនមហាជនទូទៅធ្វើការពិនិត្យវាយតម្លៃដាក់ពិន្ទុ តាមរយៈការគាំទ្រ (LIKE) ហើយត្រូវជ្រើសរើសជាជ័យលាភីពីចំណាត់ថ្នាក់លេខ១ ដល់ចំណាត់ថ្នាក់លេខ៥ ចំពោះខ្សែវីដេអូដែលមានការគាំទ្រច្រើនជាងគេ មានគុណភាពល្អ មានខ្លឹមសារអប់រំ លើកកម្ពស់អនាម័យបរិស្ថាន និងទាក់ទាញភ្ញៀវទេសចរឱ្យមកកំសាន្តនៅខេត្តព្រះសីហនុប្រកបក្ដីសប្បាយរីករាយ។ ខ្សែវីដេអូទាំង២០នោះ ត្រូវបានបង្ហោះក្នុងក្នុងផេកផ្លូវការរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅវេលាម៉ោង៨៖៣០នាទីយប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។

លុះនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៥ល្ងាច ជាពេលវេលាកំណត់បញ្ចប់ទទួលការវាយតម្លៃដាក់ពិន្ទុ ក្រុមការងារបានធ្វើការស្រង់នូវចំនួន LIKE ដែលទទួលបានពីការចុចគាំទ្រពីសំណាក់មហាជន នៅលើខ្សែវីដេអូររបស់បេក្ខជនក្រុមនីមួយៗ ដោយប្រើប្រព័ន្ធ FACEBOOK SCRAPER និងបានថតស្រ្គីនដើម្បីរក្សាទុកជាភស្តុតាង។ ដោយពិនិត្យឃើញថា មានភាពមិនប្រក្រតីនៃចំនួន LIKE នៅលើខ្សែវីដេអូររបស់បេក្ខជនមួយចំនួន នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ក្រុមការងាររដ្ឋបាលខេត្តបានធ្វើការពិនិត្យចំពោះគណនីដែលបានចូលមកចុច LIKE លើខ្សែវីដេអូររបស់បេក្ខជនទាំងអស់ឡើងវិញ ហើយក៏រកឃើញថាខ្សែវីដេអូរបស់បេក្ខជនចំនួន៣ក្រុម មានការទិញលក់ចំនួន LIKE ពីប្រទេសវៀតណាម។

លោក គួច ចំរើន បានអរគុណប្រធានគណៈកម្មការរៀបចំការប្រឡងប្រណាំងវីដេអូអប់រំខ្លី និងកោតសរសើរបេក្ខជនទាំង២៣ក្រុម ដែលបានចូលរួមរៀបចំផលិតវីដេអូខ្លីក្នុងន័យអប់រំស្ដីពីឆ្នេរស្អាត បរិស្ថានល្អ ទេសចររីករាយ ក្រុមនីមួយៗបានជ្រើសរើសទីតាំងខ្លឹមសារអត្ថន័យបានល្អ តែល្អពេលនេះផ្ដើមចេញពីសមត្ថភាពរបស់បេក្ខជនទាំងអស់គ្នាដែលបានយកចិត្តទុកដាក់ប្រកបដោយស្មារតី និងឆន្ទៈលើពាក្យពេចន៍ខ្លឹមសារ និងទេពកោសល ស្តែងចេញពីទិដ្ឋភាពពិតនៅក្នុងសង្គមសំដៅផ្សព្វផ្សាយអប់រំដល់យុវជន មហាជនឱ្យនាំគ្នាចេះស្រឡាញ់បរិស្ថាន អនាម័យ ព្រោះវានាំមកនូវផាសុខភាពសម្រាប់យើងទាំងអស់គ្នា។

លោកអភិបាលខេត្តបានកោតសរសើរ និងវាយតម្លៃខ្ពស់លើខ្លឹមសារនៅក្នុងឃ្លីបវីដេអូនីមួយៗបានបញ្ជាក់ពីទិដ្ឋភាពនៅក្នុងសង្គម ក៏ជារឿងសំខាន់មួយ ឆ្លុះបញ្ចាំងឱ្យយើងទាំងអស់គ្នាចូលរួមស្រឡាញ់ថែរក្សាអនាម័យ បរិស្ថានរបស់យើង ដើម្បីឱ្យក្រុងខេត្តរបស់យើងមានបរិស្ថានល្អស្អាត។ ផ្ដើមចេញពីការប្រឡងប្រណាំងនាពេលនេះ ក្រុមនីមួយៗអាចកែលម្អការផលិតវីដេអូរបស់ខ្លួននៅពេលក្រោយកាន់តែទទួលបានលទ្ធផលល្អ។

លទ្ធផលដែលយើងទទួលបានថ្ងៃនេះជាចំណុចតូចមួយសម្រាប់បំផុសប្រជាពលរដ្ឋនាំគ្នាស្រឡាញ់លើកកម្ពស់បរិស្ថាន អនាម័យនៅក្នុងខេត្តព្រះសីហនុ ក៏ដូចជានៅក្នុងព្រះរាជាណាចក្រកម្ពុជា។ យើងនៅមានកម្មវិធីផលិតវីដេអូខ្លី ជាច្រើនទៀត ផ្តោតលើប្រធានបទផ្សេងៗគ្នា ដើម្បីធ្វើយ៉ាងណាឱ្យយុវជនរបស់យើងបញ្ចេញសមត្ថភាព ទេពកោសលរបស់ខ្លួន ពិសេសជួយបង្កើនលើកកម្ពស់សមត្ថភាពរបស់យុវជនយើងមានចំណេះដឹងថ្មីកាន់តែរីកចម្រើន និងបន្តអភិវឌ្ឍសមត្ថភាពខ្លួនដើម្បីធ្វើការប្រកួតប្រជែងជាមួយបណ្តារាជធានី ខេត្ត។

ក្នុងឱកាសនោះ អភិបាលខេត្តក៏បានផ្តល់ថវិកាជូនក្រុមជ័យលាភីលេខ១ ទទួលបានថវិកា៥លានរៀល លេខ២ថវិកា៣លានរៀល លេខ៣ថវិកា២លានរៀល លេខ៤ថវិកា១លាន៥សែនរៀល និងលេខ៥ថវិកា១លានរៀល។ ដោយឡែក៣ក្រុមដែលជាប់ចំណាត់ថ្នាក់រូបភាពល្អ និងខ្លឹមសារល្អ ក្នុងមួយក្រុមទទួលបានថវិកា១លានរៀល និង១២ក្រុម មិនទទួលបានជ័យលាភីទទួលបានថវិកា៥០ម៉ឺនរៀល៕