កូរ៉េខាងត្បូង-វៀតណាម ព្រមព្រៀងជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខ និងទំហំពាណិជ្ជកម្ម


 (ហាណូយ)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣អោយដឹងថា ប្រទេសកូរ៉េខាងត្បូង និងវៀតណាម នៅថ្ងៃសុក្រនេះបានព្រម ព្រៀងជំរុញកិច្ចប្រតិបត្តិការសន្តិសុខ ដោយលើកឡើងពីការគំរាមកំហែងនុយក្លេអ៊ែររបស់ កូរ៉េ ខាងជើង ហើយប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្ម ការវិនិយោគទ្វេភាគី បើទោះបីជាមានការធ្លាក់ចុះ នៅឆ្នាំ២០២៣នេះ និងផែនការដំឡើងពន្ធរបស់វៀតណាមលើក្រុមហ៊ុនធំៗក៏ដោយ។

ក្នុងដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសវៀតណាម ក្នុងនាមជាប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk Yeol) បានទទួលស្គាល់ចំពោះបញ្ហាសេដ្ឋកិច្ច ប៉ុន្តែបានរំលឹក ឡើងវិញនូវតួនាទីដ៏សំខាន់របស់វៀតណាម សម្រាប់យុទ្ធសាស្ត្រសម្រាប់ភាពរីកចម្រើនរបស់ ទីក្រុងសេអ៊ូល។ លោក យូន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ១៧ជាមួយប្រធានាធិបតីវៀតណាម លោក វ៉ូ វ៉ាន់ធឿង (Vo Van Thuong) លើបញ្ហាសំខាន់មួយចំនួន រាប់ចាប់តាំងពីឧស្សាហកម្មរ៉ែសំខាន់ៗដល់កម្មករវៀតណាមនៅកូរ៉េ ហើយនិយាយថាទីក្រុងសេអ៊ូល នឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើងផងដែរ។

ក្នុងសេចក្តីថ្លែងការណ៍រួមគ្នា ប្រធានាធិបតីវៀតណាម លោក ធឿង បានគូសបញ្ជាក់ថា «វៀតណាមគឺជាប្រទេសមួយ ក្នុងចំណោមប្រទេសដ៏ទៃទៀត ដែលអាចមានទំនាក់ទំនងជិតស្និទ្ធ ជាមួយក្រុងព្យុងយ៉ាង។ ប៉ុន្តែវៀតណាម ត្រៀមខ្លួនជាស្រេចដើម្បីចូលរួម ក្នុងដំណើរការរំសាយអាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ»។ ក្រៅពីនេះ ប្រទេសទាំងពីរបានព្រមព្រៀងគ្នា ជំរុញវិស័យឧស្សាហកម្មការពារជាតិ និងកិច្ចសហប្រតិបត្តិការសន្តិសុខនៅតំបន់សមុទ្រចិនខាងត្បូង។

គួរបញ្ជាក់ថា កូរ៉េខាងត្បូង គឺជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើន ដែលពិភាក្សាអំពីការលក់អាវុធទៅឲ្យប្រទេសវៀតណាម ខណៈដែលទីក្រុងហាណូយកំពុងស្វែងរកការធ្វើទំនើបកម្មឃ្លាំងអាវុធរបស់ខ្លួន។ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ប្រទេសទាំងពីរបានអភិវឌ្ឍទំនាក់ទំនងស្ទើរតែគ្រប់វិស័យ ដោយកូរ៉េខាងត្បូងគឺជាអ្នកវិនិយោគបរទេសធំជាងគេនៅវៀតណាម៕