តំណាងឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ចុះជួបសំណេះសំណាលជាមួយសិស្សថ្នាក់ទី១២ ត្រៀម​ប្រឡងបាក់ឌុប នៅស្រុកខ្សាច់កណ្តាល និងនាំយកថវិកាឧបត្ថម្ភគ្រូដែលខិតខំបង្រៀនបំប៉ន

(កណ្តាល)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារចលនាយុវជន របស់ក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកខ្សាច់កណ្ដាល តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកណ្តាល, និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ បានចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សថ្នាក់ទី១២ លោកគ្រូអ្នកគ្រូ និងអាណាព្យាបាលសិស្សនៃវិទ្យាល័យទាំង២ ក្នុងស្រុកខ្សាច់កណ្ដាលប្រមាណ ៤០០ នាក់។

កម្មវិធីនេះប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកខ្សាច់កណ្ដាល។

ពិធីសំណេះសំណាលនេះ រៀបចំឡើងក្នុងគោលបំណងដើម្បី៖ ទី១-លើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូ ដែលបានខិតខំប្រឹងប្រែង ក្នុងការអប់រំបង្ហាត់បង្រៀនសិស្សានុសិស្ស ពិសេសការបង្រៀនបំប៉នបន្ថែម ម៉ោងដល់សិស្សថ្នាក់ទី១២, ទី២- លើកទឹកចិត្តដល់សិស្សានុសិស្សថ្នាក់ទី១២ ឱ្យខិតខំសិក្សារៀនសូត្រ សម្រាប់ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលខាងមុខ ដើម្បីជាប់និទ្ទេស A ឱ្យបានច្រើន, និង ទី៣-នាំយកថវិកាដ៏ថ្លៃថ្លារបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ឧបត្ថម្ភដល់លោកគ្រូអ្នកគ្រូ ដែលបានខិតខំបង្រៀនបំប៉នបន្ថែមម៉ោងដល់សិស្សថ្នាក់ទី ១២នៅវិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្ដាល និងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន រ៉ូតា ខ្សាច់កណ្ដាល។

បណ្ឌិត កៅ ថាច បានពាំនាំនូវបណ្តាំសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ដែលតែងតែយកចិត្តទុក្ខដាក់គិតគូរជានិច្ច ចំពោះសុខទុក្ខ សុខុមាលភាព និងជីវភាពរបស់ក្មួយៗ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងបុគ្គលិកសិក្សាទាំងអស់ ជាពិសេសការបង្កើតក្លឹបសិក្សាពិសេសសម្រាប់ការបង្រៀនបន្ថែមម៉ោង ដល់សិស្សថ្នាក់ទី១២ ព្រមទាំងផ្តល់ជូននូវអាហារូបករណ៍ជារៀងរាល់ឆ្នាំ ដល់សិស្សនៅក្នុងស្រុកខ្សាច់កណ្តាល។

បណ្ឌិតក៏បានណែនាំផ្តាំផ្ញើ និងចែករំលែកបទពិសោធន៍ដល់សិស្សានុសិស្ស ក្នុងការសិក្សារៀនសូត្រ ដោយត្រូវធ្វើការរំលឹកមេរៀន សរសេរអានឱ្យបានច្រើន និងអនុវត្តតាមអង្គ ៤ តាមពុទ្ធឱវាទ គឺ សុត(ស្តាប់), ចិន្ត (គិត), បុច្ឆ(សួរ), លិខ(កត់) បានន័យថា «ស្តាប់ គិត សួរ កត់ត្រា» ឬហៅកាត់ខ្លីថា «សុ ចិ បុ លិ» ព្រមទាំងសិក្សាស្រាវជ្រាវតាមរយៈឯកសារផ្សេងៗ ដូចជាតាមកម្មវិធីអនឡាញ APP អ៊ីស្គូលរបស់ក្រសួងអប់រំ យុវជន និងកីឡា និងតាមយូធូបជាដើម។ល។ ដែលអាចជួយបំពេញបន្ថែម ដើម្បីឱ្យការប្រឡងនាពេលខាងមុខ ទទួលបាននូវលទ្ធផលល្អប្រសើរ និងជាពិសេសជាប់និទ្ទេស A ឱ្យបានច្រើន។

លោកបណ្ឌិតក៏សំណូមពរដល់មាតាបិតាសិស្ស ឱ្យផ្តល់ឱកាសឱ្យកូនៗ មានពេលវេលាគ្រប់គ្រាន់ ក្នុងការសិក្សារៀនសូត្រ។ បន្ថែមលើនេះ លោកបណ្ឌិត ក៏បានផ្តាំផ្ញើដល់លោកគ្រូអ្នកគ្រូ ឱ្យយកចិត្តទុកដាក់លើការសិក្សាស្រាវជ្រាវបន្ថែម ដើម្បីពង្រឹងសមត្ថភាពចំណេះដឹង ពិសេសផ្នែកព័ត៌មានវិទ្យា ក្នុងសម័យបច្ចេកវិទ្យាឌីជីថល និងជួយបណ្តុះបណ្តាលជំនាញទន់, បណ្តុះស្មារតីសិស្សឱ្យចូលចិត្តលេងកីឡា, បណ្តុះឥរិយាបទសិស្ស ឱ្យមានសុជីវធម៌ គុណធម៌ និងមានសីលធម៌ល្អ, អប់រំណែនាំដល់សិស្សឱ្យប្រព្រឹត្តតែអំពើល្អ, ឱ្យចូលរួមធ្វើការងារសង្គម ការងារបរិស្ថាន ដូចជាដាំដើមឈើ និងសម្អាតអនាម័យតាមទីសាធារណៈជាដើម។ល។

លោកបណ្ឌិត ក៏បានរំលឹកជម្រាបជូនក្មួយៗសិស្សានុសិស្ស អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដែលបានកំណត់យកអាទិភាព ៤ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង» និងចក្ខុវិស័យ និងបំណងប្រាថ្នារបស់សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្រ្តី ដែលនឹងប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

ក្នុងឱកាសនោះដែរ បណ្ឌិតក៏បានឧបត្ថម្ភថវិកាមួយចំនួន ជូនដល់សាលាស្រុកខ្សាច់កណ្ដាល សិស្សានុសិស្ស និងអាណាព្យាបាលសិស្សទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីផងដែរ ៕