ផ្ទុះធុងហ្គាសនៅហាងលក់សាច់អាំង ក្នុងប្រទេសចិន ផ្ដាច់ជីវិតមនុស្ស ៣១នាក់

(យីនឆ័ន)៖ អាជ្ញាធរនៅក្នុងប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថាចំនួនអ្នកស្លាប់ដោយសារហេតុការណ៍ធុងហ្គាស នៅឯភោជនីយដ្ឋានលក់សាច់អាំង មួយកន្លែងស្ថិតនៅក្នុងទីក្រុងយីនឆ័ន (Yinchuan) នៃតំបន់ស្វយ័ត នីងសៀ ហ៊ុយ (Ningxia Hui) នៃភាគពាយព្យប្រទេសចិន កាលពីថ្ងៃពុធម្សិលមិញ បានកើនដល់ ៣១នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៣។

ហេតុការណ៍ផ្ទុះហ្គាសខាងលើបានកើតឡើង នៅម៉ោងប្រហែល ៨៖៤០នាទីយប់ នៅឯភោជនីយដ្ឋានលក់សាច់អាំងស្ថិតនៅលើដងផ្លូវដ៏មមារញឹកមួយក្នុងស្រុក ហ្ស៉ីនជីង (Xingqing) នៃទីក្រុងយីនឆ័ន (Yinchuan) គឺបង្កឡើងដោយការលេចធ្លាយធុងហ្គាសនៅក្នុងភោជនីយដ្ឋាននេះតែម្ដង។

គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួ មនុស្ស ៧នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ក្នុងនោះមានម្នាក់ កំពុងស្ថិតក្នុង ស្ថានភាពធ្ងន់ធ្ងរ៕