រដ្ឋបាលខេត្តកោះកុងរៀបចំពិធីពិព័រណ៌ទេសចរណ៍ផ្លែឈើ និងផលិតផលភូមិ១ ផលិតផល១ នៅខេត្តកោះកុង

កោះកុង÷លោកជំទាវ មិថុនា ភូថង អភិ បាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញទទួលស្វាគមន៍ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍
ក្នុងពិធីពិពណ៌ទេសចរណ៍ផ្លែឈើ និងផលិតផលភូមិ១ ផលិតផល១ នៅខេត្ត កោះកុង ដែលមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងសហគមន៍ ក្នុងគោលបំណងផ្សព្វផ្សាយ និងបង្ហាញនូវអំពីផលិតផលកសិកម្មក្នុងស្រុកដែលជាស្នាដៃរបស់ប្រជាកសិករពិតៗដែលមិនមានជាតិគីមី ដែលបានប្រព្រឹត្តធ្វើឡើងនៅល្ងាចថ្ងៃទី ១៧ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២៣ នៅបរិវេណមុខសាលាខេត្តកោះកុង ដោយមានការអមប្រគុំតន្ត្រីកំសាន្តរបស់ក្រុមហ៊ុនគ្រុឌផងដែរ។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ផ្លែឈើជាច្រើនមុខ ដែលជាផលិតផលកសិកម្មក្នុងស្រុករបស់យើង ដោយបានរៀបចំផ្លែឈើ ចំនួន០២ស្តង់ សម្រាប់ដាក់ជូនប្រជាពលរដ្ឋរបស់យើង បានភ្លក់ពិសា ដោយឥតគិតថ្លៃ ហើយខ្ញុំសង្ឃឹមថា យើងនឹងសហការគ្នារៀបចំពិព័រណ៍ទេសចរណ៍ផ្លែឈើ និងផលិតផលភូមិ១ ផលិតផល១ ឱ្យបានកាន់តែល្អប្រសើរឡើងៗនៅឆ្នាំបន្ត បន្ទាប់ទៀត។

លោកជំទាវអភិបាលខេត្តបានថ្លែងបន្តថា ខ្ញុំសូមស្នើដល់លោកអ៊ំ លោកពូ លោកមីង ក្មួយៗយុវជន បងប្អូនប្រជាពលរដ្ឋទាំង អស់ ត្រូវបន្តខិតខំសម្អាតអនាម័យ បរិ ស្ថាន នៅជុំវិញផ្ទះសំបែងឱ្យស្អាត ជាប្រ ចាំ និងត្រូវបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល និងវិធានការ សុខាភិបាលនានា របស់ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ព្រោះថាជំងឺកូវីដ-១៩នេះមិនទាន់រលត់បាត់ទាំងស្រុងនោះទេ ជាមួយគ្នានេះ នាងខ្ញុំក៏សូមស្នើដល់អាជ្ញាធរពាក់ព័ន្ធ ជួយជំរុញឱ្យបងប្អូនប្រជាពលរដ្ឋរបស់យើងទាំងអស់បន្តចាក់វ៉ាក់សាំងការពារ(ដូសជំរុញ) ជំងឺកូវីដ-១៩ឱ្យបានគ្រប់ៗគ្នា និងលើកទឹកចិត្ត ដល់លោកអ៊ំ លោកពូ លោកមីង បងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅបោះឆ្នោត និងសូមជួយជម្រុញដល់បងប្អូន កូនចៅ សាច់ញាតិទាំង អស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឱ្យទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។

ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ការរៀបចំពិពណ៌ទេសចរផ្លែឈើ និងផលិតផលភូមិ១ ផលិតផល១ នៅខេត្តកោះកុង នាពេលនេះ គឺជាព្រឹត្តិការណ៍ទេសចរណ៍មួយដ៏សំខាន់ក្នុងការផ្សព្វផ្សាយអំពីផ្លែឈើនិងផលិតផលភូមិ១ ផលិតផល១ របស់ខេត្តកោះកុង។ ហើយក៏ជាការជំរុញ និងផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា ជាពិសេសរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលើក កម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ការផ្សព្វផ្សាយគឺជាកត្តាសំខាន់បំផុត ដែលបានស្ដែងនៅក្នុងយុទ្ធនាការផ្សព្វ ផ្សាយទេសចរណ៍កម្ពុជាព្រះរាជាអាណាចក្រកម្ពុជាអច្ឆរិយៈ ក៏ដូចជាទេសចរណ៍ទស្សនា ឆ្នាំទស្សនាទេសចរណ៍ឆ្នាំ២០២៣។

ឯកឧត្តមរដ្ឋលេខាធិកាក្រសួងទេសចរណ៍ មានប្រសាសន៍បន្ថែមថា ក្នុងសារលិខិតដ៏ឧត្តុងឧត្តមរបស់សម្ដេចតេជោ ថ្លែងនៅថ្ងៃទី២៧ កុម្ភៈ ឆ្នាំ ២០២៣ បានបង្ហាញអំពីឆន្ទៈ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋា ភិបាល ក្នុងការគាំទ្រនិងការដាក់ចេញវិធានការគោលនយោបាយអភិវឌ្ឍន៍យុទ្ធនាការ ឆ្នាំទស្សនាកម្ពុជា២០២៣ ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីចូលរួមសម្រេច ចក្ខុវិស័យ ដែលមានចែងក្នុងផែនទីទេសចរចង្អុលផ្លូវ និងផែនការស្ដារនិងលើកស្ទួយនៅវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រៅវិបត្តិកូវីដ-១៩ ។ ពិសេសឆ្នាំ ២០២៣ នេះ កម្ពុជាគ្រោងនឹងទទួលភ្ញៀវទេសចរណ៍អន្តរជាតិឱ្យបានយ៉ាងតិច ៤ លាននាក់ និងទេសចរណ៍ក្នុងស្រុកយ៉ាងតិច ១៥ លាននាក់។

ឯកឧត្តមបានមានប្រសាសន៍ថា ថ្ងៃនេះយើងបានកំពុងរៀបចំព្រឹត្តិការណ៍ពិពណ៌ ពិពណ៌គឺជាការទាក់ទាញភ្ញៀវជាតិ.អន្តរជាតិ និងជាការបង្ហាញអ្វីដែលយើងមាន ដូច្នេះការផ្សព្វផ្សាយចាំបាច់ជាកត្តាចម្បងក្នុងការទាក់ទាញភ្ញៀវ ទាក់ទាញអតិថិជនឲ្យចាប់អារម្មណ៍ទៅលើអ្វីដែលយើងមាន៕ ដោយ ញុឹប សន