(តុងហ្កា)៖ ទីភ្នាក់ងារស្រាវជ្រាវភូមិសាស្ត្រអាមេរិក USGS បានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិត ៧.២រ៉ិចទ័រ បានវាយប្រហារនៅក្បែរប្រទេសតុងហ្កា ក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង នៅថ្ងៃសុក្រនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣។
បើតាម USGS គ្រោះរញ្ជួយដីខាងលើមានចំណុចរំញ័រ នៅចម្ងាយ ២៨០គីឡូម៉ែត្រ ពីភាពនិរតីនៃប្រទេសតុងហ្កា ព្រមទាំងមានជម្រៅរញ្ជួយ ១៦៧.៤គីឡូម៉ែត្រ។ អាជ្ញាធរឃ្លាំមើលរលកយក្សស៊ូណាមិ របស់សហរដ្ឋអាមេរិក បាននិយាយថាមិនមានការគំរាមកំហែងពីរលកយក្សស៊ូណាមិនោះទេ សម្រាប់តំបន់ឆ្នេរភាគខាងលិចរបស់សហរដ្ឋអាមេរិក តំបន់ British Columbia ឬក៏រដ្ឋអាឡាស្កា ក្រោយគ្រោះរញ្ជួយដីនេះ។
គួរបញ្ជាក់ថា ខាងអាជ្ញាធរអូស្រ្តាលី ក៏បានបញ្ជាក់ដែរថាមិនមានការគំរាមកំហែងពីរលកយក្សស៊ូណាមិទេ ខណៈដំបូងឡើយក៏មានសេចក្ដីរាយការណ៍ ផងដែរពីគ្រោះរញ្ជួយដីកម្រិត ៧រ៉ិចទ័រវាយប្រហារក្បែរតំបន់ភាគខាងត្បូង នៃដែនកោះហ្វីជី៕