(កៀវ)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣ បញ្ជាក់ថា ទីក្រុងកៀវ កាលពីថ្ងៃអាទិត្យ ទី១១ ខែមិថុនា បាននិយាយថាកងកម្លាំង អ៊ុយក្រែន បានវាយដណ្ដើមបានភូមិចំនួន ៣ ក្នុងតំបន់ដូណេត ស្ថិតនៅភាគខាងកើត នៃប្រទេស ពីទាហានរុស្ស៉ីមកវិញ ដែលនេះជាជោគជ័យដំបូងបំផុតមួយនៅក្នុងប្រតិបត្តិការវាយបក។
ប៉ុន្តែ ក្នុងថ្ងៃអាទិត្យដដែលនោះដែរ ក្រុមមន្ត្រីអ៊ុយក្រែនបានឱ្យដឹងថាមនុស្ស ៣នាក់បានស្លាប់ និង២៣នាក់ផ្សេងទៀតរងរបួស ដោយសារតែការបាញ់ផ្លោងរបស់រុស្ស៉ី លើ ទូកសង្រ្គោះជនស៊ីវិល ចេញពីតំបន់គ្រប់គ្រងដោយរុស្ស៉ី ក្នុងតំបន់ខឺសុន ដែលកំពុងប្រឈមមុខនឹងគ្រោះទឹកជំនន់ក្រោយ ការបាក់ទំនប់ទឹក។ ដោយឡែក បើតាមវិទ្យាស្ថាន សម្រាប់ការសិក្សាពីសង្រ្គាម មានមូលដ្ឋានក្នុង ទីក្រុងវ៉ាស៊ីនតោន កងកម្លាំងអ៊ុយក្រែន បាន និងកំពុងបើកប្រតិបត្តិការវាយបកនៅក្នុងតំបន់ សមរភូមិមុខ យ៉ាងហោចហោច ចំនួន ៤។
គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ បានទទួលស្គាល់ថាប្រតិបត្តិការវាយបករបស់អ៊ុយក្រែន បានចាប់ផ្ដើម ហើយ និងកាលពីថ្ងៃអាទិត្យ ទីក្រុងកៀវបានប្រកាសពីជោគជ័យក្នុងការវាយដណ្ដើមយកបានភូមិចំនួន ៣ ពីទាហានរុស្ស៉ីមកវិញ ក្នុងតំបន់ដូណេត មានដូចជាភូមិ ណែសស្គុត (Neskuchne) ម៉ាការីវកា (Makarivka) និងភូមិ ប្លាហូដាន់ (Blahodatne)៕