(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានស្នើដល់កងទ័ពនៃកងពលតូចលេខ៧០ សហការដ៏ល្អប្រសើរជាមួយស្ថាប័នអង្គភាព ពាក់ព័ន្ធ និងប្រជាពលរដ្ឋតាមតំបន់ ទប់ស្កាត់ឲ្យទាន់ពេលវេលានូវរាល់និន្នាការសំដៅបង្កចលាចល និងបង្កអស្ថិរភាពសង្គម។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង ក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធ សមិទ្ធផលមួយចំនួន នៅទីបញ្ជាការដ្ឋានកងពលតូចលេខ៧០ នៅព្រឹកថ្ងៃចន្ទ ៩រោច ខែជេស្ឋ ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ។
សម្តេចបានមានប្រសាសន៍ដូច្នេះថា៖ «ខ្ញុំសូមស្នើដល់មេបញ្ជាការ មេបញ្ជាការរង និងពលទាហាន នៃកងពលតូចលេខ ៧០ ត្រូវបន្តអនុវត្តកិច្ចសហការដ៏ល្អប្រសើរ ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ ថ្នាក់ ស្ថាប័ន អង្គភាពពាក់ព័ន្ធ រួមជាមួយនឹងបងប្អូនប្រជាជននៅតាមតំបន់នីមួយៗ ក្នុងគោលដៅ ពង្រឹងសាមគ្គីជាតិទប់ស្កាត់ឲ្យបាននូវនិន្នាការបង្កអរិភាពជាតិសាសន៍ សាសនា ការទប់ស្កាត់ឲ្យទាន់ ពេលវេលានូវរាល់និន្នាការសំដៅបង្កចលាចល និងបង្កអស្ថិរភាពសង្គម។ ចំណុចនេះ គឺជាកិច្ចការ ទទួលខុសត្រូវមួយរបស់កងយោធពលខេមរភូមិន្ទនៃយើង ពិសេសកងពលពលតូចលេខ ៧០»។
សម្តេចបានវាយតម្លៃខ្ពស់ចំពោះ មេបញ្ជាការ មេបញ្ជាការរង និងពលទាហានកងពលតូចលេខ ៧០ នៃកងយោធពលខេមរភូមិន្ទកម្ពុជា ដែលបានខិតខំប្រឹងប្រែង និងធ្វើពលិកម្ម ប្រកបដោយវិរភាព អង់អាចក្លាហានក្នុងការបំពេញភារកិច្ច ការពារបូរណភាពទឹកដី ថែរក្សាសុខសន្តិភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់បានល្អប្រសើរជូនប្រជាជន និងសង្គមជាតិយើង។ សម្តេចបានថ្លែងអរគុណចំពោះសប្បុរសជនជាតិ-អន្តរជាតិ ដែលបានរួមគ្នាជួយឧបត្ថម្ភគាំទ្រ ដើម្បី ការរីកចម្រើននៃកងពលតូចលេខ ៧០៕