សម្តេចតេជោ ហ៊ុន សែន អរគុណតារាចម្រៀង មាស សុខសោភា ដែលបានលុបចេញនូវបទចម្រៀង «មរណភាពព្រះស្វាមី ជ័យវរ្មន័ទី៧» ពីបណ្តាញសង្គម

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ នេះ បានអរគុណតារាចម្រៀងស្រីល្បីឈ្មោះ មាស សុខសោភា ដែលបានលុបចេញនូវបទចម្រៀង «មរណភាពព្រះស្វាមី ជ័យវរ្មន័ទី៧» ពីបណ្តាញសង្គម។

តាមរយៈសារបង្ហោះលើ Telegram ភ្ជាប់ជាមួយសារសុំទោសរបស់តារាចម្រៀង មាស សុខសោភា, សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា «អរគុណកូនស្រី មាស សុខសោភា ដែលបានលុប ចេញនូវបទចម្រៀងនេះ ពីបណ្តាញសង្គម»។

សូមជម្រាបជម្រាបថា នៅយប់មិញនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ចេញសារសំឡេងពិសេស មួយ ដោយស្នើឲ្យតារាចម្រៀង មាស សុខសោភា ដកចេញនូវបទចម្រៀងដែលមានចំណងជើង មរណភាពព្រះស្វាមី ជ័យវរ្ម័នទី៧។

ក្រោយមានប្រតិកម្មពីសម្តេចតេជោ ហ៊ុន សែន, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមហាជននោះ តារាងចម្រៀង មាស សុខសោភា បានបង្ហោះសារសុំទោសសម្តេចសម្តេចតេជោ ហ៊ុន សែន, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងបងប្អូនប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេស ចំពោះ កំហុសឆ្គងលើខ្លឹមសារនៃបទចម្រៀង «មរណភាពព្រះស្វាមី ជ័យវរ្ម័នទី៧» ដែលបានបង្ហោះក្នុង ហ្វេសបុកផេក និងឆាណែលយូធូប របស់ខ្លួ​ន។

អ្នកនាងបានលើកឡើងថា «នាងខ្ញុំពិតជាមិនមានចេតនាណាមួយ ក្នុងការបំភ្លៃប្រវត្តិសាស្ត្រខ្មែរនោះ ទេ តែដោយសារតែការខ្វះចន្លោះ ក្នុងការសិក្សាស្វែងយល់អោយបានស៉ីជម្រៅពីប្រវត្តិសាស្ត្រខ្មែរ មុននឹងផលិតបទនេះឡើង ទើបធ្វើអោយមានកំហុសឆ្គងកើតមានឡើងដោយអចេតនា។ នាងខ្ញុំ និងក្រុមការងារសង្ឃឹមថា សម្តេចពុក ក្រសួងពាក់ព័ន្ធនានា ព្រមទាំងបងប្អូនជនរួមជាតិ មេត្តាយោគ យល់ និងអធ្យាស្រ័យដល់នាងខ្ញុំ។ មកដល់ពេលនេះ នាងខ្ញុំបានលុបទាំងស្រុងនូវវីដេអូចម្រៀង មួយបទនេះ ចេញពី ហ្វេសបុកផេក និងឆាណែលយូធូបរបស់នាងខ្ញុំជាស្ថាពរហើយ»។

ជាមួយគ្នាអ្នកនាងបានសន្យាថា ចាប់ពីថ្ងៃនេះតទៅ នាងនឹងព្យាយាមសិក្សាស្វែងយល់បន្ថែមទៀត ពីប្រវត្តិសាស្រ្តខ្មែរ ព្រមទាំងផលិតបទចម្រៀង ដែលលើកស្ទួយវប្បធម៌ អរិយធម៌ខ្មែរ ជាបន្តទៀត៕