ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យ​​ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ជិត៦ពាន់នាក់


 (ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​កម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតបញ្ចប់​ការ​សិក្សា ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចសរុបជិត ៦ពាន់នាក់។

យោងតាមរបាយការណ៍របស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់​រំ យុវជន និងកីឡា បានឱ្យដឹងថា និស្សិតជ័យលាភីដែលនឹងត្រូវទទួល​សញ្ញា​បត្រ​​នេះ មានចំនួនសរុប ៥,៦១០នាក់ (នារី ២.៩៥២នាក់ ត្រូវជា ៥២.៦ភាគរយ)។ ក្នុង​នោះ និស្សិតថ្នាក់បរិញ្ញាបត្រ ៥,៤២៣នាក់ (នារី ២,៨៨០នាក់) និងនិស្សិត​​ថ្នាក់​បរិញ្ញា​បត្រជាន់ខ្ពស់ ១៨៧នាក់ (នារី ៧២នាក់)។

ដោយយោងតាមលទ្ធផលស្ទង់មតិរបស់សាកលវិទ្យាល័យ លោករដ្ឋមន្ត្រីបានឱ្យដឹងថា ក្នុងចំណោម​និស្សិត​​ជ័យលាភី ដែលទទួលសញ្ញាបត្រនេះ មាននិស្សិតប្រមាណ ៩៦.០៦ភាគរយ មានការងារ ធ្វើ។ ក្នុងនោះនិស្សិតថ្នាក់បរិញ្ញាបត្រមាន ៩៦ភាគរយ និង​និស្សិត​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មាន ៩៧.៨៦ភាគរយ។

ការបណ្តុះបណ្តាលធនធានមនុស្ស គឺជាគោលនយោបាយដ៏អាទិភាពនៅក្នុងការដឹក​នាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។ ចាប់តាំងពីរំដោះប្រទេសចេញពីរបបប្រល័យ​ពូជសាសន៍ប៉ុលពត ៧ មករា ឆ្នាំ១៩៧៩ សម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែង​អស់ពីលទ្ធភាពជំរុញការបណ្តុះបណ្តាល ដើម្បីកសាងឡើងវិញធនធានមនុស្ស ដែល​ត្រូវ​បានកាប់សម្លាប់ក្នុងរបបខ្មែរក្រហម។

ទន្ទឹមការដាក់ចេញគោលនយោបាយលើកកម្ពស់ការអប់រំ ប្រឹងប្រែងកសាងសាលា​ ពង្រាយសាលា ទៅកៀកផ្ទះប្រជាពលរដ្ឋហើយនោះ សម្តេចតេជោមិនដែលនឿយ​ណាយ នឹងការចុះចែកសញ្ញាបត្រ ដើម្បីជាការលើកទឹកចិត្តនិស្សិតបញ្ចប់ការសិ​ក្សា​នោះ​ឡើយ។

វត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ក្នុងពិធីប្រគល់សញ្ញាបត្រ គឺជាការផ្តល់នូវថាម​ពលផ្លូវចិត្ត និងផ្តល់កិត្តិយសដ៏ធំធេងសម្រាប់និស្សិតបញ្ចប់ការសិក្សា បន្ទាប់ពីពួកគេ បានប្រឹងប្រែងមិនសំចៃកម្លាំងជម្នះការលំបាកទាំងឡាយក្នុងពេលសិក្សា។

សូមបញ្ជាក់ថា សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ជាគ្រឹះ​ស្ថានអប់រំថ្នាក់ ឧត្តមសិក្សាសាធារណៈដ៏ល្បីឈ្មោះបោះសំឡេងមួយ ស្ថិតក្រោមការ​គ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា។

សាកលវិទ្យាល័យនេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធន​ធាន​មនុស្ស ផ្នែកច្បាប់ រដ្ឋបាលសាធារណៈ សេដ្ឋកិច្ច និងផ្នែកផ្សេងៗទៀត ដើម្បីបម្រើ​ឱ្យ​ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។ គិតចាប់ពីឆ្នាំ១៩៨២ ដល់បច្ចុប្បន្ននេះ សិក្ខាកាម និងនិស្សិតដែលបាន បញ្ចប់ការ​សិក្សា​ជាស្ថាពរសរុប ៦៦,៨០៦នាក់ (នារី ២៦,៤៤៩នាក់ ត្រូវជា ៣៩.៥ភាគរយ) ក្នុងនោះនិស្សិតបរទេសមានចំនួន ២២៦នាក់ (នារី ៩៦នាក់ ត្រូវជា ៤២.៤ភាគរយ)។

និស្សិតជ័យលាភីទាំងនោះកំពុងបម្រើការងារនៅក្នុងក្រសួង ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការមិន មែនរដ្ឋាភិបាលជាតិនិងអន្តរជាតិ និងខ្លះទៀតកំពុងប្រកបអាជីវកម្មផ្ទាល់​ខ្លួន ប្រកបដោយសមត្ថភាព សេចក្តីថ្លៃថ្នូរ និងកិត្តិយស។ បច្ចុប្បន្ននេះ សាកលវិទ្យា​ល័យមានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង មន្រ្តី បុគ្គលិក សាស្រ្តាចារ្យ ក្របខណ្ឌ និងជាប់កិច្ចសន្យាជាតិ-អន្តរជាតិសរុប ៧៤៦នាក់ (នារី ១៧៩នាក់ ត្រូវជា ២៤ភាគរយ) និងមាននិស្សិតកំពុងបណ្តុះបណ្តាលសរុប ១៨,១១៣នាក់ (នារី ៩,៣៩៤នាក់ ត្រូវជា ៥១.៨ភាគរយ) ក្នុងនោះមាននិស្សិតបរទេសចំនួន ៥៥នាក់ នារី ៣២នាក់ ដែលរួមមាន៖ ជនជាតិបារាំង ណូវែលសេឡង់ តួគី កូរ៉េ ចិន ហុងកុង វៀតណាម ថៃ និងឡាវ។

ដើម្បីធានាបានការបណ្តុះបណ្តាលប្រកបដោយគុណភាព និងនិរន្តរភាព សាកលវិទ្យា​ល័យ​បាន អនុវត្តយន្តការធានាគុណភាពអប់រំ ជាពិសេសបានពង្រឹងប្រព័ន្ធវាយ​តម្លៃ​គុណភាពអប់រំ​ជាប្រចាំ ដោយអនុវត្តតាមស្តង់ដាធានាគុណភាពអប់រំ និងកំពុងធ្វើកិច្ច​សហប្រតិបត្តិការជាមួយបណ្តា សាកលវិទ្យាល័យបរទេស នៃបណ្តាប្រទេសមួយចំនួន តាមរយៈការចុះអនុស្សារណៈនៃការយោគ យល់គ្នាបានចំនួន៤៦ ដើម្បីធ្វើការផ្លាស់ប្តូរ បទពិសោធន៍និស្សិត និងសាស្រ្តាចារ្យលើការសិក្សា ការបង្រៀន និងការស្រាវជ្រាវ ក្នុងគោលបំណងលើកកម្ពស់គុណភាពអប់រំឲ្យកាន់តែល្អប្រសើរ។

ចាប់តាំងពីឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ន សាកលវិទ្យាល័យបានបញ្ជូននិស្សិតទៅសិក្សា​បន្តថ្នាក់​បរិញ្ញា បត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅបរទេស តាមរយៈអាហារូបករណ៍របស់​សាកល​វិទ្យាល័យជា ដៃគូនានាបានចំនួន ១,៧៩៩នាក់។

ក្នុងឆ្នាំសិក្សា២០២២-២០២៣ នេះ សាកលវិទ្យាល័យបានបញ្ជូននិស្សិតចំនួន ៦៤​នាក់ (នារី ៣៩នាក់) ទៅបន្តការសិក្សានៅបរទេស ក្នុងនោះថ្នាក់បណ្ឌិតចំនួន ១នាក់ ទៅសិក្សាផ្នែកសេដ្ឋកិច្ច នៅប្រទេសបារាំង និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៣៣នាក់ (នារី ២០នាក់) ទៅសិក្សាផ្នែកនីតិសាស្រ្ត និងសេដ្ឋកិច្ចនៅប្រទេសបារាំង ស៊ុយអែត អូស្រ្តាលី អាឡឺម៉ង់ ជប៉ុន និងកូរ៉េ និងបានបញ្ជូននិស្សិត ចូល​រួមក្នុង​កម្ម​វិធី​ផ្លាស់​ប្តូរការ​សិក្សាចំនួន ៣០នាក់ (នារី ១៨នាក់) នៅប្រទេសបារាំង ជប៉ុន ចិន និងឥណ្ឌូនេស៊ី។

ក្រៅពីនេះ និស្សិតចំនួន ២២រូប បានចូលរួមការប្រកួតសវនការប្រឌិតអន្តរជាតិ ដោយ​ផ្ទាល់ចំនួន ៦ក្រុម ពាក់ព័ន្ធនឹងនីតិអន្តរជាតិ ដែលរៀបចំឡើងដោយប្រទេសអាមេរិក អូទ្រីស ឥណ្ឌា ហុងកុង និងអាល់បានៀ។ នៅពាក់កណ្តាលឆ្នាំ២០២៣ ខាងមុខនេះ សាកលវិទ្យាល័យត្រៀមនឹងបញ្ជូន និស្សិតចំនួន ១២រូប ទៅចូលរួមការប្រកួតសវនការ​ប្រឌិត​អន្តរជាតិចំនួន៤ប្រកួត នៅប្រទេសហូឡង់ អាឡឺម៉ង់ និងឥណ្ឌា៕