ចិន និងឥណ្ឌា នាំចូលប្រេងឆៅក្នុងបរិមាណច្រើនមិនធ្លាប់មាន ពីប្រទេសរុស្សី ក្នុងខែឧសភា

(សិង្ហបុរី)៖ ការវាយតម្លៃបឋមរបស់ក្រុមហ៊ុនតាមដានទិន្នន័យដឹកជញ្ជូន បានបង្ហាញថា ការនាំចូលប្រេងឆៅរុស្ស៊ីពីសំណាក់ប្រទេសចិន និងឥណ្ឌាក្នុងខែឧសភា បានកើនឡើងខ្ពស់មិនធ្លាប់មាន ខណៈដែលអតិថិជនបានសម្រុកទិញប្រេងដែលលក់ចុះថ្លៃ ដោយកាត់បន្ថយតម្រូវការប្រេងមកពីមជ្ឈិមបូព៌ា និងអាហ្វ្រិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ការកើនឡើងការផ្គត់ផ្គង់របស់រុស្ស៊ី កើតមានឡើងមុនកិច្ចប្រជុំដែលគ្រោងធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនានេះ រវាងអង្គការប្រទេសនាំចេញប្រេង OPEC និងប្រទេសជាសម្ព័ន្ធមិត្តរបស់ពួកគេរួមទាំងរុស្ស៊ីផងដែរ ដែលរួមគ្នាហៅថាអង្គការ OPEC+។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុមប្រទេសផលិតប្រឈមនឹងសម្ពាធខ្លះ ក្នុងការចាត់វិធានការគាំទ្រដល់តម្លៃសម្រាប់កិច្ចសន្យាចែកចាយប្រេងអនាគត នៃប្រេងប្រភេទ Brent ដែលបានធ្លាក់ចុះ ៥ភាគរយនៅសប្តាហ៍នេះមកនៅត្រឹមប្រហែល ៧៣ដុល្លារក្នុងមួយបារ៉ែល ទោះបីជាមានការសន្យារបស់អង្គការ OPEC+ នៅក្នុងខែមេសាក្នុងការកាត់បន្ថយទិន្នផលបន្ថែមទៀត ចាប់ពីខែឧសភាក៏ដោយ។

ទោះបីជាយ៉ាងណា ប្រភពចំនួនបួនមកពីអង្គការ OPEC+ បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ក្រុមប្រទេសទាំងនេះទំនងជាមិនកាត់ផលិតទិន្នផលការផ្គត់ផ្គង់ប្រេងច្រើននោះទេ នៅឯកិច្ចប្រជុំថ្ងៃអាទិត្យទី៤ ខែមិថុនានេះ ទោះបីជាតម្លៃប្រេងឆៅធ្លាក់ចុះថ្លៃក៏ដោយ។

ទិន្នន័យពីក្រុមហ៊ុន Vortexa និងក្រុមហ៊ុន Kpler បានបង្ហាញថា ប្រទេសចិនដែលជាអ្នកនាំចូលប្រេងឆៅលេខ១ និងឥណ្ឌាដែលជាអ្នកនាំចូលប្រេងឆៅលេខ៣ នៅក្នុងពិភពលោក និងអតិថិជនកំពូលៗផ្សេងទៀត ដែលទិញប្រេងរបស់រុស្ស៊ីបាននាំចូលប្រហែល ១១០លានបារ៉ែលក្នុងខែឧសភា កើនឡើងជិត ១០ភាគរយធៀបនឹងខែមេសា បើទោះបីជាមានការព្រមានពីសហរដ្ឋអាមេរិកប្រឆាំងនឹងការគេចវេស ពីការកំណត់តម្លៃប្រេងដែលបានដាក់ចេញកន្លងមកក៏ដោយ។

យោងតាមទិន្នន័យពីក្រុមហ៊ុន Vortex បានបង្ហាញថា ការដឹកជញ្ជូនប្រេងរបស់រុស្ស៊ី ទៅកាន់ប្រទេសឥណ្ឌាត្រូវបានវាយតម្លៃថា បានកើនឡើងដល់កម្រិតខ្ពស់បំផុតគឺ ៨,៦លានតោន (៦២,៨លានបារ៉ែល) ខណៈដែលប្រទេសចិនទទួលបាន ៦លានតោនដែលជាកម្រិតថេរធៀបនឹងខែមេសា។ ។

ទិន្នន័យពីក្រុមហ៊ុន Kpler ក៏បានបង្ហាញពីនិន្នាការស្រដៀងគ្នានេះផងដែរ ដោយការនាំចូលរបស់ឥណ្ឌាកើនដល់កំណត់ត្រាខ្ពស់ថ្មីមួយគឺ ៦៦,៧លានបារ៉ែល ហើយការនាំចូលរបស់ចិនបានកើនឡើងដល់ ៤៩,២លានបារ៉ែល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕