តម្លៃប្រេងឆៅកើនឡើង បន្ទាប់ពីសហរដ្ឋអាមេរិក សម្រេចបានកិច្ចព្រមព្រៀងពិដានបំណុល

(ក្រុងឡុងដ៍)៖ តម្លៃប្រេងឆៅបានកើនឡើង កាលពីល្ងាចថ្ងៃសុក្រ បន្ទាប់ពីការសម្រេចបានកិច្ចព្រមព្រៀងពិដានបំណុល របស់សហរដ្ឋអាមេរិក បានបញ្ចៀសការបរាជ័យសងបំណុល នៅប្រទេសប្រើប្រាស់ប្រេងធំបំផុត របស់ពិភពលោកមួយនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅក្នុងកិច្ចសន្យាអនាគត សម្រាប់ប្រេងប្រភេទ Brent បានកើនឡើង ១,៨៨៧ដុល្លារ ឬ ២,៥ភាគរយដល់ ៧៦,១៦ដុល្លារក្នុងមួយបារ៉ែល នៅល្ងាចថ្ងៃសុក្រ ខណៈប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់អាមេរិកបានកើនឡើង ១,៨៥ដុល្លារ ឬ ២,៦ភាគរយដល់ ៧១,៩៥ដុល្លារក្នុងមួយបារ៉ែល ។

ការឡើងថ្លៃនេះ គឺដោយសារតែអាមេរិក សម្រេចបានកិច្ចព្រមព្រៀងទ្វេភាគី ដើម្បីព្យួរដែនកំណត់ពិដានបំណុលដែលមានចំនួន ៣១,៤ពាន់លានដុល្លាររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលជួយបញ្ចៀសការបរាជ័យសងបំណុលរដ្ឋាភិបាល ដែលអាចនឹងធ្វើឱ្យទីផ្សារហិរញ្ញវត្ថុពិភពលោករញ្ជួយ។

សញ្ញាដែលថានឹងអាចមានការផ្អាកការដំឡើងអត្រាការប្រាក់ របស់ធនាគារកណ្តាលអាមេរិក (Federal Reserve) ក៏បានផ្តល់ការគាំទ្រដល់តម្លៃប្រេងឆៅផងដែរ ដែលយ៉ាងហោចណាស់តាមរយៈការដាក់បន្ទុកលើប្រាក់ដុល្លារអាមេរិក ដែលធ្វើឱ្យប្រេងមានតម្លៃថោក សម្រាប់អ្នកកាន់រូបិយប័ណ្ណផ្សេងទៀត។

ទិន្នន័យការងារនៅសហរដ្ឋអាមេរិក ក៏បានកើនឡើងច្រើនជាងការរំពឹងទុកផងដែរនៅក្នុងខែឧសភា ដែលក៏ជួយដល់ការជំរុញតម្លៃប្រេងផងដែរ ហើយការធ្លាក់ចុះប្រាក់ឈ្នួលអាចអនុញ្ញាតឱ្យធនាគារកណ្តាលសហព័ន្ធផ្អាកការដំឡើងអត្រាការប្រាក់ ក្នុងខែនេះជាលើកដំបូងគិតចាប់តាំងពីចាប់ផ្តើមយុទ្ធនាការរឹតបន្តឹង គោលនយោបាយជាងមួយឆ្នាំនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕